សំពៅដែលជួយកសាងហូឡង់ក្លាយជាមហាអំណាចពិភពលោកកាលពីសម័យបុរាណ ត្រូវគេរកឃើញនៅបាតសមុទ្របាល់ទិក

សំពៅមួយ ដែលគេជឿថាប្រើប្រាស់ដោយចក្រភពហូឡង់អំឡុងសតវត្សរ៍ទី ១៧ ត្រូវគេរកឃើញនៅបាតសមុទ្របាល់ទិក។ នេះយោងតាមកាសែត Daily Mail សរសេរកាលពីថ្ងៃទី៩កញ្ញា។

សំពៅដែលមានឈ្មោះថា Fluyt គឺមានក្តោងធំៗបី ដែលគេរចនាឡើងដើម្បីដឹកទំនិញឱ្យបានច្រើន ផ្ទុកនាវិកតិចតួច និងពុំដឹកកាំភ្លើងនោះទេ។

សំពៅនេះត្រូវបានបង្កើតឡើងដោយប្រើប្រព័ន្ធខួងពិសេសមួយ ដែលអាចឱ្យនាវិកក្នុងចំនួនតិចតួចអាចចាប់សារ៉េក្តោងបានងាយស្រួល ដោយនាំឱ្យសល់កន្លែងទំនេរច្រើនសម្រាប់ដាក់ទំនិញ និងកាត់បន្ថយថ្លៃដើម។

សំពៅប្រភេទនេះគឺជាសមាសធាតុសំខាន់នៃចក្រភពហូឡង់ ដែលត្រាច់ចរទូទាំងទ្វីបទាំង ៥ និងជាឧបករណ៍ផ្តល់នូវសិទ្ធិធ្វើជាមហាអំណាចធំបំផុតរបស់ពិភពលោក មុនពេលចក្រភពអង់គ្លេសដណ្តើមការគ្រប់គ្រងពិភពលោកពីហូឡង់។

ប៉ុន្តែមូលហេតុនាំឱ្យសំពៅនេះលិចគឺនៅតែជាអាថ៌កំបាំង ខណៈដែលវាត្រូវបានរកឃើញដោយអ្នកមុជទឹកក្នុងស្ថានភាពជិតល្អឥតខ្ចោះ។

លោក Jouni Polkko មកពីក្រុមមុជទឹកឈ្មោះ Badewanne ដែលរកឃើញបំណែកសំពៅនេះ និយាយថា ពុំមានតម្រុយណាអាចពន្យល់ពីជោគវាសនារបស់សំពៅនេះទេ។ 

ក្រុមនេះជឿថា សំពៅនេះបានលិចនៅបាតសមុទ្រប្រហែល ៤០០ ឆ្នាំមកហើយ៕

 

adverise with khmeread