ចិននិងឥណ្ឌាឯកភាពដកទ័ពចេញពីព្រំដែនជម្លោះ ក្រោយវាយតប់គ្នាស្លាប់រាប់សិបនាក់កាលពីប៉ុន្មានខែមុន

ឥណ្ឌានិងចិនបានព្រមព្រៀងដកទ័ពពួកគេចេញភ្លាមៗពីការប្រឈមមុខដាក់គ្នាដ៏តានតឹងជាច្រើនខែមកនេះ។ នេះយោងតាមកាសែត Daily Mail សរសេរកាលពីថ្ងៃសៅរ៍ទី១២កញ្ញា។

រដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរបានឯកភាពគ្នារក្សាចម្ងាយត្រឹមត្រូវ និងបន្ធូរបន្ថយភាពតានតឹងនៅក្នុងតំបន់ Ladakh កន្លែងដែលប្រទេសប្រដាប់ដោយអាវុធនុយក្លេអ៊ែរទាំងពីរកាលពីខែមិថុនាមានការប៉ះទង្គិចគ្នាយ៉ាងសាហាវបំផុតនៅក្នុងរយៈជាច្រើនទសវត្សរ៍មកនេះ។

សេចក្តីថ្លែងការណ៍រួមចេញផ្សាយកាលពីថ្ងៃសុក្រថា លោក S. Jaishankar របស់ឥណ្ឌា និងលោក Wang Yi របស់ចិនបានជួបប្រជុំគ្នានៅទីក្រុងមូស្គូកាលពីយប់ថ្ងៃព្រហស្បតិ៍ ហើយបានព្រមព្រៀងគ្នាថាស្ថានភាពបច្ចុប្បន្ននៅតាមតំបន់ព្រំដែនមិនមានផលប្រយោជន៍សម្រាប់ភាគីណាមួយណាឡើយ។

ចាប់តាំងពីសប្តាហ៍មុនប្រទេសយក្សអាស៊ីទាំងនេះបានចោទប្រកាន់គ្នាទៅវិញទៅមកថា បានបញ្ជូនទាហានទៅក្នុងទឹកដីគូប្រជែង និងការបាញ់ព្រមានជាលើកដំបូងនៅក្នុងរយៈពេល ៤៥ ឆ្នាំ បានគំរាមទៅដល់ជម្លោះយោធាទ្រង់ទ្រាយធំ។

យ៉ាងណាមិញរដ្ឋមន្រ្តីការបរទេសទាំងសងខាងមិនបានកំណត់ពេលវេលាណាមួយសម្រាប់ការដកកងទ័ពរាប់ពាន់នាក់ ដែលបានដាក់ឱ្យប្រឈមមុខដាក់គ្នាចាប់តាំងពីខែឧសភានោះទេ៕

adverise with khmeread