បុរសម្នាក់ត្រូវរថយន្តបុកស្លាប់បើករត់បាត់,ហើយមានចោរលើកយកម៉ូតូជិះទៅបាត់ទៀត

ភ្នំពេញ ៖ បុរសម្នាក់បានបាត់បង់ជីវិតភ្លាមៗ ខណៈជិះម៉ូតូត្រូវរថយន្តបុកពីក្រោយហើយមានចោរលើកយកម៉ូតូជិះទៅបាត់ កាលពីនៅវេលាម៉ោង១២ និង៣៥នាទី យប់រំលងអធ្រាត្រឈានចូលថ្ងៃអាទិត្យទី១៣ ខែកញ្ញា ឆ្នាំ២០២០ ត្រង់ចំណុចខាងត្បូងស្ពានច្បារអំពៅ ប្រមាណ២០០ម៉ែត្រ ស្ថិតតាមបណ្ដោយផ្លូវ៣៦៩កែងផ្លូវលេខ៦៤០ ភូមិម៉ាក់ក្លឿ សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ។

សមត្ថកិច្ចនិយាយថា ជនរងគ្រោះឈ្មោះ កែវ ពុធ ភេទប្រុស អាយុ៣៩ឆ្នាំមុខរបរជាងបាញ់ថ្នាំរថយន្ត ស្នាក់នៅផ្ទះជួលគ្មានលេខ ភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ដោយជិះម៉ូតូម៉ាកគុបជ្រុង ពណ៌ស្លែមានស្លាកលេខ ភ្នំពេញ4646 មិនចាំអក្សរនៅពីមុខត្រូវបានចោរយកលួចបាត់។

តាមប្រភពពីសាច់ញាតិបានឱ្យដឹងថា ដំបូងជនរងគ្រោះជិះម៉ូតូធ្វើដំណើរទៅលេងផ្ទះបងប្អូននៅភូមិកោះនរា ដោយធ្វើដំណើរតាមផ្លូវលេខ៣៦៩ពីត្បូងទៅជើង។ លុះមកដល់ចំណុចកើតហេតុមានរថយន្តមកពីក្រោយ បើកបរក្នុងល្បឿនយ៉ាងលឿន បានបុករួចអូសជាច្រើនម៉ែត្រ រួចរថយន្តបើកគេចបាត់ ហើយម៉ូតូជនរងគ្រោះ ត្រូវចោរលួចយកទៅបាត់ទៀត។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកទីតាំងកន្លែងកើតហេតុធ្វើ កំណត់ហេតុរួចប្រគល់សពឱ្យ សាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីនៅវត្តឫស្សីស្រស់៕ 

adverise with khmeread