ជនសង្ស័យម្នាក់ពាក់ព័ន្ធករណី ឆបោក គំរាមសម្លាប់ លាក់ទុក និង ប្រើប្រាស់អាវុធដោយខុសច្បាប់ត្រូវបានកម្លាំងអាវុធហត្ថចាប់ខ្លួន

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ជាគ្រូឱសថបុរាណ តែដើរតាំងខ្លួនជាឧត្តមសេនីយ៍យោធា ពាក់ព័ន្ធករណី ឆបោក គំរាមសម្លាប់ លាក់ទុក និង ប្រើប្រាស់អាវុធដោយខុសច្បាប់ត្រូវបានកម្លាំង សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ  នៃកងអាវុធហត្ថរាជធានីភ្នំពេញបញ្ជូនទៅតុលាការ នារសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

មន្ត្រីអាវុធហត្ថនិយាយថា ជនសង្ស័យឈ្មោះ យន្ត ដារ៉ា ហៅ នូ រស្មី ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្រូឱសថបុរាណ តែដើរតាំងខ្លួនជាឧត្តមសេនីយ៍យោធា មានស្រុកកំណើត ភូមិតាលួស ឃុំតាលួស ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ទីលំនៅបច្ចុប្បន្ន បន្ទប់ជួល ភូមិបឹងទំពុន សង្កាត់បឹងទំពុន ខណ្ឌមានជ័យ។

ក្រោមវិធានការជំនាញរបស់សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ ជនសង្ស័យឈ្មោះ យន្ត ដារ៉ា បានសារភាពថា កាលពីអំឡុងខែកក្កដា ឆ្នាំ២០២០ រូបគេពិតជាបានឆបោកប្រាក់ពីជនរងគ្រោះជាបន្តបន្ទាប់សរុប ៣២១០០ដុល្លារអាមេរិក ពិតប្រាកដមែន ពាក់ព័ន្ធករណីទិញលក់សំរឹទ្ធ នៅពេលដែលជនរងគ្រោះដឹងខ្លួនថាត្រូវបានជនសង្ស័យបោកប្រាស់ ជនសង្ស័យក៏បានផ្ញើសារទៅកាន់ជនរងគ្រោះ គំរាមកំហែងម្តងហើយម្តងទៀត តាមរយៈបណ្តាញទំនាក់ទំនង Messenger ដោយប្រើពាក្យសម្តីថា «នឹងសម្លាប់ចោលទាំងពូជ សូម្បីតែកូនង៉ែតក្នុងអង្រឹងក៏មិនទុកដែរ»។

មន្ត្រីដដែលបន្តថា ដោយមានការភ័យខ្លាច ជនរងគ្រោះ ក៏មកដាក់ពាក្យបណ្តឹងនៅ អាវុធហត្ថរាជធានីភ្នំពេញ។ បន្ទាប់ពីទទួលបានបណ្តឹងសមត្ថកិច្ចជំនាញបានបើកការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យ ព្រមទាំងដកហូតអាវុធខ្លីចំនួនពីរដើម គឺ ម៉ាក K54 និង ម៉ាក Swees  នៅចំណុច ភូមិខ្វា ទល់មុខធនាគារ អេស៊ីលីដា ផ្លូវ២១៧ សង្កាត់ដង្កោ ខណ្ឌដង្កោ ដែលអាវុធទាំងពីរដើមខាងលើ ជនសង្ស័យប្រាប់ថា «រូបខ្លួនបានទិញពីអ្នកស្គាល់គ្នា ដែលបច្ចុប្បន្នបានស្លាប់បាត់ទៅហើយ»៕


 

adverise with khmeread