ព័ត៌មានលម្អិតស្តីពីនារីស្រស់ស្អាតម្នាក់លោតចូលទឹកទន្លេសម្លាប់ខ្លួន

ភ្នំពេញ ៖ នារីស្រស់ស្អាតម្នាក់ដែលបានលោតចូលទឹកទន្លេសម្លាប់ខ្លួនកាលពីយប់ថ្ងៃទី១០កញ្ញាកន្លងទៅ ឥឡូវបានអណ្តែតឡើងលើផ្ទៃទឹទន្លេ នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង១២និង៣០នាទី នៅចំណុចក្នុងទឹកទន្លេសាបត្រើយខាងលិចក្បែរព្រះអង្គដង្កើ ផ្លូវព្រះស៊ីសុវត្ថិ ភូមិ១ សង្កាត់ជីយជំនះ ខណ្ឌដូនពេញ ហើយសមត្ថកិច្ចបានទទួលព័ត៌មានលម្អិតហើយ។

ប៉ូលិសនិយាយថា អត្តសញ្ញាណសពឈ្មោះ ចាន់ ស្រីមាន ភេទស្រី អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរសម្អាងការ ទីលំនៅបច្ចុប្បន្នស្នាក់នៅ(ខុនដូ) បន្ទប់អត់លេខ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ស្រុកកំណើតភូមិព្រៃខ្លា ឃុំជំរៈពាន ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ 

ប៉ូលិសបន្តថា នៅថ្ងៃទី១០កញ្ញាឆ្នាំ២០២០វេលាម៉ោង៧យប់ ឈ្មោះថៃ ហាងម៉េង ភេទប្រុស អាយុ៤៥ឆ្នាំ បានធ្វើខួបកំណើតឱ្យប្រពន្ធឈ្មោះចាន់ រស្មី អាយុ៣០ឆ្នាំដែលត្រូវជាបងស្រីបង្កើតសព នៅភោជនីយដ្ឋានទន្លេបាសាក់២ ហើយជនរងគ្រោះក៏បានចូលដែរ។ រហូតដល់ម៉ោង៩យប់ពេលចប់កម្មវិធី ហើយបងថ្លៃនិងបងស្រីជនរងគ្រោះបានជូនជនរងគ្រោះមកដាក់នៅភោជនីយដ្ឋានអ៊ីដែននៅម្ដុំបឹងកក់ ហើយបងស្រីនិងប្ដីបានចេញមកផ្ទះបាត់ទៅ។

សាក្សីឈ្មោះ លី ម៉ានសូត ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរនេសាទត្រី នៅថ្ងៃទី១១ កញ្ញា ឆ្នាំ២០២០ វេលាម៉ោងប្រហែល០២និង៤៩នាទីអធ្រាត្រគាត់ កំពុងនៅក្រោមស្ពានបានឮជនរងគ្រោះឈ្លោះ ប្រកែកគ្នាជាប់រថយន្តហាយឡែនឌ័រ ដោយនិយាយថា «បើបងឯងមានស្រីថ្មីទៅចុះ»។ បានប្រហែល១៥នាទីក្រោយមកជនរងគ្រោះក៏បានឡើងឡានទៅដល់ពាក់កណ្ដាលស្ពានក៏ឮសម្លេងប្រជាពលរដ្ឋដែលបានធ្វើដំណើរ ហើយស្រែកឱ្យជួយព្រោះមានមនុស្សស្រីលោតពីលើទៅ។ ពេលនោះឈ្មោះ លី ម៉ានសូត បានបើកទូទៅជួយសង្គ្រោះជនរងគ្រោះ, ពេលទៅជិតដល់ជនរងគ្រោះក៏បានលិចបាត់ទៅដោយសភាពងងឹតពេកខ្លួនក៏ត្រឡប់មកវិញ ។

សាក្សីដដែលបន្តថា រហូតដល់ថ្ងៃទី១២ កញ្ញា ឆ្នាំ២០២០ វេលាម៉ោងប្រហែល១ និង៣០នាទីរសៀល ឈ្មោះ លី ម៉ានសូត បានឃើញប្រជាពលរដ្ឋចោមរោមមើលនៅចំណុចកើតហេតុខាងលើ ខ្លួនក៏បានបើកទូកមកមើលទើបដឹងថាជាជនរងគ្រោះដែលបានលោតពីលើស្ពានកាលពីប៉ុន្មានថ្ងៃមុននោះពិតមែន។ 

ក្រោយពីសភាពការណ៍កើតឡើងកម្លាំងប៉ូលិសជំនាញខណ្ឌ និងប៉ុស្តិ៍បានចុះដល់ និងគ្រប់គ្រងកន្លែងកើតហេតុ ហើយរាយការណ៍ជូនព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និងបានសហការជាមួយប៉ូលិសការិយាល័យ បច្ចេកទេសវិទ្យាសាស្រ្ត, ប៉ូលិសការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ និងពេទ្យអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបង្កើត គណៈកម្មការធ្វើកោសល្យវិច័យ ពិនិត្យកន្លែងកើតហេតុនិងសព។

សមត្ថកិច្ចបានសន្និដា្ឋននិងវាយតម្លៃថា ក្រោយចុះដល់កន្លែងកើតហេតុ ឆ្លងតាមការពិនិត្យរបស់លោកឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច័យរាជធានីភ្នំពេញ និងការិយាល័យជំនាញបច្ចេកទេសវិទ្យាសាស្ត្រកោសល្យវិច័យរាជធានីភ្នំពេញ បានបញ្ជាក់ថា «សពស្លាប់ដោយសារលង់ទឹក»។

ក្រោយពេលពិនិត្យចប់សមត្ថកិច្ចជំនាញបច្ចេកទេសរាជធានីភ្នំពេញ បានប្រគល់សពទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅវត្តទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ៕

adverise with khmeread