បើកឡានជ្រុលបុកម៉ូតូបណ្ដាលឱ្យនារីម្នាក់ស្លាប់, តៃកុងឡានចុះមកក្អួតពេញផ្លូវ

ភ្នំពេញ ៖ ស្រ្តីម្នាក់បានបាត់បង់ជីវិតភ្លាមៗ ខណៈជិះម៉ូតូបម្រុងបត់ឆ្វេងត្រូវរថយន្តវ៉ាស្តាំមកបុកពេញទំហឹង កាលពីវេលាម៉ោង៦ និង៤០នាទីព្រលប់ ថ្ងៃអាទិត្យទី១៣ ខែកញ្ញា ឆ្នាំ២០២០ ត្រង់ចំណុចផ្លូវបំបែកជាបួន ភូមិព្រែកប្រណាក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា ស្រ្តីរងគ្រោះឈ្មោះ សឿង សាវ៉ាត អាយុ៣៥ឆ្នាំ មុខរបរមេផ្ទះ ស្នាក់នៅស្រុកស្អាង ខេត្តកណ្តាលជិះម៉ូតូកូនទា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1HZ-2363។ ឯរថយន្តម៉ាកមីតស៊ុយប៊ីស៊ី ពណ៌ត្រេអ៉ី ពាក់ស្លាកលេខខេមរភូមិន្ទ 02-2.6327។

ប្រភពបន្តថា ដំបូងគេឃើញស្ត្រីរងគ្រោះជិះម៉ូតូម្នាក់ឯង តាមបណ្ដោយផ្លូវ ៥០ម៉ែត្រទិសដៅពីលិចទៅកើត ។ខណៈមកដល់ចំណុច កើតហេតុខាងលើក៏ឈប់បម្រុងនឹងបត់ឆ្វេងដៃ ក៏ស្រាប់តែមានរថយន្តបង្កមកពីក្រោយស្របទិសគ្នា ហើយបានវ៉ារថយន្តមួយគ្រឿងទៀតខាងស្ដាំដៃយ៉ាងលឿន មកបុកម៉ូតូស្ត្រីរងគ្រោះ បណ្ដាលឱ្យប៉ើងជាច្រើនម៉ែត្រ ស្លាប់ភ្លាមៗតែម្តង។ភ្លាមៗគេឃើញបុរសជាតៃកុងរថយន្ត ចុះមកក្អួតពេញផ្លូវទំនងស្រវឹងស្រាជោកខ្លួន ត្រូវបានសមត្ថកិច្ចឃាត់យកទៅប៉ុស្តិ៍។ 

ក្រោយកើតហេតុសមត្ថកិច្ចវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុករង់ចាំដោះស្រាយតាមនីតិវិធី។ សមត្ថកិច្ចបញ្ជាក់ថា រថយន្តមិនគោរពសិទ្ធិស្តាំដៃ ។ចំពោះសាកសពត្រូវប្ដីដឹកយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕ 


 

adverise with khmeread