រថយន្តលាយស៊ីម៉ងត៍បើកបុកយានយន្តជាច្រើនគ្រឿងកំពុងឈប់ស្តុបស្លាប់មនុស្ស២នាក់

ភ្នំពេញ ៖ មនុស្សប្រុសស្រី២នាក់បានបាត់បង់ជីវិត ក្នុងហេតុការណ៍រថយន្តលាយស៊ីម៉ងត៍បើកបរលឿនមកបុកយានយន្តជាច្រើនគ្រឿងកំពុងឈប់ស្តុប កាលពីវេលាម៉ោង ៩និង៤០នាទីយប់ ថ្ងៃអាទិត្យ ទី១៣ ខែកញ្ញា ឆ្នាំ២០២០ ផ្លូវភ្នំពេញ-ហាណូយ កែងផ្លូវឧកញ៉ាម៉ុងរិទ្ធី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សមត្ថកិច្ចនិយាយថា ជនរងគ្រោះទី១-ឈ្មោះ ម៉ម សៅ ភេទប្រុស អាយុ៤៩ឆ្នាំ អ្នកបើកបរកង់បីឥណ្ឌា ពាក់ស្លាកលេខ តាកែវ 1T-0003 មានស្រុកកំណើត ខេត្តតាកែវ បានដឹកស្ត្រីម្នាក់ជាភ្ញៀវ, ជនរងគ្រោះទី២-ឈ្មោះ មាស ស៊ាងលី ភេទស្រី អាយុ២៥ឆ្នាំ រស់នៅខណ្ឌព្រែកព្នៅ ស្លាប់ទាំង២នាក់នៅកន្លែងកើតហេតុ។ ចំណែករថយន្តបង្កជាប្រភេទរថយន្តលាយស៊ីម៉ងត៍ម៉ាក FUSO ក្បាលពណ៌បៃតង ពាក់ស្លាកលេខ ភ្នំពេញ 3A-3667 បើកបរដោយបុរសម្នាក់ឈ្មោះមឿន ចក់ ភេទប្រុស អាយុ៣៦ឆ្នាំស្នាក់នៅស្រុកស្បាយអន្ទរ ខេត្តព្រៃវែង។

សមត្ថកិច្ចបន្តថា ដំបូងគេឃើញ ម៉ូតូកង់បីរងគ្រោះធ្វើដំណើរតាមបណ្ដោយផ្លូវភ្នំពេញ-ហាណូយ ទិសដៅពីត្បូងទៅជើង។ លុះមកដល់ចំណុចកើតហេតុបានឈប់នៅពីក្រោយរថយន្តមួយគ្រឿង ម៉ាកហ៊ីលុចរីវ៉ូ រង់ចាំភ្លើងស្តុប។ ខណៈកំពុងឈប់ស្រាប់តែរថយន្តលាយស៊ីម៉ង់ត៍ មកពីក្រោយ ក្នុងល្បឿនលឿន បុកម៉ូតូកង់បីពីក្រោយរុញទៅផ្ទប់នឹងគូទរថយន្តហ៊ីលុច រីវ៉ូ បណ្ដាលឱ្យរថយន្ត ហ៊ីលុច រីវ៉ូ វិលមួយជុំ ទៅប៉ះរថយន្តតូយូតាព្រូសមួយគ្រឿងទៀតដែលបើកបញ្ច្រាស់ទិសដៅគ្នាពីត្បូងទៅជើង។

ប្រភពបន្តទៀតថា រថយន្តបង្កបានព្យាយាមបន្ថែមល្បឿនដោយម៉ូតូកង់បី ជាប់នៅក្រោមរថយន្ត កិនអូសជាង២០០ម៉ែត្រ បណ្ដាលឱ្យតែកុងម៉ូតូកង់បី និងស្រ្តីរួមដំណើរបាត់បង់ជីវិតទាំង២នាក់។ ភ្លាមៗនោះកម្លាំងសមត្ថកិច្ចចេញមកអន្តរាគមន៍ ធ្វើការឃាត់បានតែកុងរថយន្តតែម្តង។ 

ក្រោយកើតហេតុ សមត្ថកិច្ច វាស់វែងយកយានយន្តទៅរក្សាទុក រង់ចាំធ្វើការដោះស្រាយតាមនីតិវិធីច្បាប់។ ឯសពជនរងគ្រោះ តម្កល់នៅវត្តទឹកថ្លា រង់ចាំសាច់ញាតិ មកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

adverise with khmeread