មិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ! រុស្ស៊ីរកឃើញសាកសពខ្លាឃ្មុំអាយុកាល ៣៩.០០០ ឆ្នាំរក្សារូបរាងបានយ៉ាងល្អសូម្បីធ្មេញក៏នៅស្អាតទាំងអស់ដែរនៅតំបន់ស៊ីបេរី

អ្នកវិទ្យាសាស្ត្ររុស្ស៊ីបានរកឃើញខ្លាឃ្មុំយុគសម័យថ្មរំលីងមួយក្បាល និងកូនថនិកសត្វមួយក្បាលមានអាយុកាល ៣៩.០០០ឆ្នាំដែលបានរក្សារូបរាងបានយ៉ាងល្អឥតខ្ចោះនៅក្នុងតំបន់ស៊ីបេរី។ នេះយោងតាមកាសែត Daily Mail សរសេរកាលពីថ្ងៃទី១២កញ្ញា។

រហូតមកដល់បច្ចុប្បន្ន ខ្លាឃ្មុំយុគសម័យថ្មរំលីងមានតែឆ្អឹងទេដែលគេធ្លាប់រកឃើញ ដែលជាប្រភេទសត្វបុរេប្រវត្តិធ្លាប់រស់នៅក្នុងទ្វីបអឺរ៉ាស៊ី
ប្រហែល ៣០០.០០០ ទៅ ១៥.០០០ ឆ្នាំមុន។

សាកសពសត្វបុរេប្រវត្តិទាំងពីរ ដែលត្រូវបានរកឃើញនៅកន្លែងពីរដាច់ដោយឡែក ត្រូវបានសាទរយ៉ាងខ្លាំងដោយអ្នកជំនាញរុស្ស៊ីថាជា "ការរកឃើញដ៏សំខាន់បំផុតរបស់ពិភពលោក"។

នេះមានន័យថាអ្នកវិទ្យាសាស្ត្ររុស្ស៊ី ដែលកំពុងស្វែងរកការរស់ឡើងវិញនូវថនិកសត្វយក្សដែលផុតពូជមួយនេះ គឺមានសង្ឃឹមនិងជឿជាក់លើអនាគតក្នុងការស្វែងរក DNA របស់ពួកវា។

អ្នកវិទ្យាសាស្រ្តរុស្ស៊ីលោកស្រីវេជ្ជបណ្ឌិត Lena Grigorieva បាននិយាយថា អ្នកវិទ្យាសាស្ត្របរទេសនឹងត្រូវបានអញ្ជើញឱ្យចូលរួមក្នុងការសិក្សានេះ៕

adverise with khmeread