ក្មេងប្រុសប្រមាញ់ក្ដាន់ម្នាក់បានស្លាប់ក្នុងឧបទ្ទវហេតុដ៏រន្ធត់មួយ បន្ទាប់ពីគាត់ត្រូវបានម៉ាស៊ីនច្រូតពោតមួយគ្រឿងកិនពីលើក្នុងចម្ការកាលពីព្រឹកថ្ងៃសៅរ៍។
អាជ្ញាធរនិយាយថា ក្មេងប្រុសនោះមកពីក្រុង Elkton រដ្ឋ Michigan បានស្លាប់អំឡុងពេលម៉ោង៩ព្រឹកថ្ងៃសៅរ៍នៅក្នុងចម្ការពោតជនបទមួយកន្លែងក្នុងទីប្រជុំជន Chandler Township នៃរដ្ឋ Michigan។
ប៉ូលិសសង្កាត់ Huron និយាយថា ក្មេងប្រុសនោះឈ្មោះ Jeffery Lewis Powell អាយុ១៣ឆ្នាំត្រូវបានទម្លាក់ចុះនៅចម្ការពោតនោះ ដូច្នេះគាត់អាចប្រមាញ់សត្វក្ដាន់នៅទីនោះ ហើយគាត់ក៏បានដេកលក់នៅចម្ការនោះ។
បុរសវ័យ២៥ឆ្នាំម្នាក់មកពីភូមិ Pigeon បានត្រឡប់ទៅចម្ការពោតនៅម៉ោងប្រហែល៩ព្រឹក ដើម្បីទៅបន្តច្រូតពោត ដោយមិនដឹងថាក្មេងប្រុសនោះដេកក្នុងចម្ការនោះទេ។
ខណៈដែលបើកម៉ាស៊ីនច្រូតពោតដ៏ធំមួយ បុរសនោះបានបើកកិនពីលើក្មេងប្រុសនោះ ហើយនៅពេលគាត់ដឹងថាកិនមនុស្ស វាយឺតពេលបាត់ទៅហើយ។
បុគ្គលិកសង្គ្រោះបន្ទាន់បានប្រកាសថា Powell បានស្លាប់នៅនឹងកន្លែងកើតហេតុ ហើយបានធ្វើកោសល្យវិច័យលើសាកសពរបស់គាត់៕
