ម៉ូតូបុករថយន្តដឹកប្រេងពីក្រោយបណ្តាលឱ្យបុរសម្នាក់ស្លាប់

កំពង់ធំ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងរវាងម៉ូតូបុករថយន្តដឹកប្រេងដែលចតលើគន្លងម៉ូតូ ពីក្រោយបណ្តាលឱ្យស្លាប់បុរសម្នាក់នៅលើផ្លូវជាតិលេខ ៦ ចន្លោះគីឡូម៉ែត្រលេខ២០០-២០១ ស្ថិតក្នុងភូមិក្រសាំង (ក) ឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នាថ្ងៃអាទិត្យទី ១៣ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង១០ និង៣០នាទីយប់។

សមត្ថកិច្ចបានឱ្យដឹងថា ដំបូងមានម៉ូតូម៉ាកស្កូពី ពណ៌ក្រហមចាស់ ពាក់ស្លាកលេខកំពង់ធំ 1K-8882 បើកបរដោយឈ្មោះ រ៉ា រាន់ ភេទប្រុស អាយុ ២២ ឆ្នាំ រស់នៅភូមិក្រសាំង (ក) ឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ (ស្លាប់នៅនឹងកន្លែងកើតហេតុ)។ ចំណែករថយន្តម៉ាក PETER LIT ក្បាលពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 3C-4981 សណ្ដោងសឺមីរឺម៉ក (ដឹកប្រេងរបស់ក្រុមហ៊ុន អិល អេច.អរ) ពណ៌ខៀវលាយស ពាក់ស្លាកលេខភ្នំពេញ 4A-6940 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ទុករថយន្តចោលរួចរត់គេចខ្លួនបាត់។

សមត្ថកិច្ចបន្តថា មូលហេតុដែលបង្កឱ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ គឺដោយសារតែ រថយន្តV1 (ដឹកសាំង) ចតចោលនៅតាមដងផ្លូវដោយបំពានគន្លងផ្លូវម៉ូតូ ធ្វើឱ្យអ្នកបើកម៉ូតូដែលកំពុងធ្វើដំណើរក្នុងទិសដៅស្របគ្នាគេចមិនទាន់ក៏បុកចំពីក្រោយតែម្ដងទៅ៕

adverise with khmeread