គម្រោងលំនៅដ្ឋានបៃតងលម្អដោយរុក្ខជាតិ លក់ដាច់អស់រលីង តែមានត្រឹម១០គ្រួសារចូលទៅនៅ ព្រោះមូសក៏ស្រឡាញ់រុក្ខជាតិដែរ

គម្រោងលំនៅដ្ឋានបៃតងសម្រាប់ពិសោធន៍មួយនៅក្នុងទីក្រុងធំមួយរបស់ចិនសន្យាផ្តល់ជូនអតិថិជននូវ “ព្រៃបញ្ឈរ” ដោយមានសួនច្បារប្រកបដោយការច្នៃប្រឌីតនៅគ្រប់យ៉រទាំងអស់។

យោងតាមភ្នាក់ងារអចលនទ្រព្យនៃគម្រោងលំនៅដ្ឋាននេះបានឱ្យដឹងថាផ្ទះល្វែងទាំងអស់ ៨២៦ ត្រូវបានលក់ដាច់អស់រលីងនៅខែមេសាក្នុងឆ្នាំនេះ ប៉ុន្តែផ្ទុយទៅវិញវាមិនបានក្លាយជាឋានសួគ៌អេកូធម្មជាតិសម័យទំនើបនោះទេ វាបានក្លាយទៅជាដូចកន្លែងថតកុនបោះបង់ចោលទៅវិញ។

មានបញ្ហាអ្វី? គឺ មូសក៏ស្រឡាញ់រុក្ខជាតិដែរ។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថាមានតែក្រុមគ្រួសារមួយក្តាប់តូចប៉ុណ្ណោះបានផ្លាស់ទៅរស់នៅក្នុងអគារផ្ទះល្វែង Qiyi City Forest Garden នៃក្រុងចេងទូ ដោយសារតែមូសនិងរុក្ខជាតិលុកលុយខ្លាំងពេក។

គម្រោងផ្ទះល្វែងនៅភាគនិរតីប្រទេសចិននេះត្រូវបានសាងសង់ក្នុងឆ្នាំ ២០១៨ ដែលមានយ៉រឯកជននីមួយៗរចនាឡើងដើម្បីផ្តល់កន្លែងសម្រាប់ដាំរុក្ខជាតិ។

ដោយគ្មានអ្នកជួលមើលថែ អគារទាំង ៨ ជួរនេះត្រូវបានរុក្ខជាតិដុះពេញគ្រប់កន្លែង និងនាំឱ្យកើតមូសយ៉ាងច្រើន។

រុក្ខជាតិបានលេបត្របាក់យ៉រស្ទើរតែទាំងអស់ ដោយមានមែកឈើសំយ៉ុងចុះពាសពេញអគារ។

យោងតាមកាសែត Global Times បានឱ្យដឹងថាមានតែគ្រួសារចំនួន ១០ ប៉ុណ្ណោះបានផ្លាស់មករស់នៅផ្ទះល្វែងនេះ៕​

adverise with khmeread