អ្នកនយោបាយបក្សប្រឆាំងរុស្ស៊ីដែលត្រូវគេដាក់ថ្នាំបំពុលលោក Alexei Navalny នឹងត្រឡប់ទៅកាន់ប្រទេសរុស្ស៊ីវិញ។ នេះបើយោងតាមសម្តីអ្នកនាំពាក្យរបស់គាត់។
អ្នកនាំពាក្យលោកស្រី Kira Yarmysh បានបង្ហោះលើបណ្តាញសង្គម Twitter ថា "វាពិតជាគួរឱ្យឆ្ងល់ណាស់ចំពោះខ្ញុំ ហេតុអីគ្រប់គ្នាគិតថាគាត់នឹងមិនត្រឡប់ទៅស្រុកវិញ?"។
លោក Navalny ក៏បានបង្ហោះរូបភាពមួយសន្លឹកនៅលើបណ្តាញសង្គម Instagram ជាលើកដំបូងចាប់តាំងពីគាត់ត្រូវគេបំពុល ដោយប្រកាសថាគាត់អាចដកដង្ហើមបានដោយស្រួលមិនចាំបាច់ពឹងលើបំពង់ខ្យល់អុកស៊ីសែនទៀតទេ។
គាត់បានដួលនៅអំឡុងជើងហោះហើរពីតំបន់ស៊ីបេរីកាលពីថ្ងៃទី២០ ខែសីហា។ ការធ្វើតេស្តបានបង្ហាញថា គាត់ត្រូវបានគេបំពុលជាមួយនឹងថ្នាំពុលសម័យសូវៀត Novichok។
គាត់ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ Charité នៅរដ្ឋធានីបែរឡាំង ប្រទេសអាល្លឺម៉ង់។
ក្រុមរបស់គាត់បានចោទប្រកាន់ថា គាត់ត្រូវបានបំពុលដោយការបញ្ជារបស់ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន។ វិមានក្រឹមឡាំងបានបដិសេធទៅលើការជាប់ពាក់ព័ន្ធណាមួយក្នុងរឿងនេះ៕ ប្រភព ៖ BBC
