ត្រាំប្រកាសថា ៤ អាទិត្យទៀត អាមេរិកអាចនឹងមានវ៉ាក់សាំងកូវីដ១៩

ប្រធានាធិបតីលោកដូណាល់ត្រាំកាលពីថ្ងៃអង្គារទី១៥កញ្ញាបានអះអាងថា អាមេរិកអាចនឹងមានវ៉ាក់សាំងក្នុងរយៈពេល៤សប្ដាហ៍ទៀត ខណៈដែលវេជ្ជបណ្ឌិតលោក Anthony Fauci ព្រមានប្រជាជនអាមេរិកឱ្យស្នាក់នៅក្នុងផ្ទះដើម្បីត្រៀមរៀបចំឆ្លងកាត់រដូវរងាខាងមុខ។

លោកត្រាំបាននិយាយនៅលើកម្មវិធីទូរទស្សន៍ "Fox & Friends" ថា "យើងនឹងមានវ៉ាក់សាំងនៅប៉ុន្មានសប្ដាហ៍ទៀត ហើយវាអាចនឹងបួនសប្ដាហ៍ទៀត ឬក៏វាអាចប្រាំបីសប្ដាហ៍ទៀតក៏ថាបាន ប៉ុន្ដែយើងនឹងមានវ៉ាក់សាំងនោះ ហើយយើងនឹងទទួលបានលទ្ធផលល្អ និងមើលទៅល្អប្រសើរ"។

ពាក្យសម្ដីដ៏មានសង្ឃឹមរបស់គាត់បានកើតឡើង ខណៈដែលអាមេរិកមានអ្នកឆ្លងកូវីដ១៩ជាង៦,៥៧លាននាក់ និងមានអ្នកស្លាប់ជាង១៩ម៉ឺននាក់។ មានក្រុមហ៊ុនចំនួនបីនៅសហរដ្ឋអាមេរិកកំពុងសាកល្បងផ្នែកវេជ្ជសាស្ត្រកម្រិតខ្ពស់សម្រាប់វ៉ាក់សាំង ប៉ុន្ដែអ្នកជំនាញមិនផ្ដល់ពេលវេលាជាក់លាក់នោះទេ។

លោក Fauci នាយកវិទ្យាស្ថានជាតិអាឡែរស៊ីនិងជំងឺឆ្លង និងអ្នកជំនាញផ្សេងទៀតបាននិយាយថា អាចនឹងមានវ៉ាក់សាំងមួយនៅត្រឹមចុងឆ្នាំនេះ ឬក៏ឆ្លងចូលឆ្នាំថ្មីឆ្នាំក្រោយ។

ហើយគាត់ក៏បានព្រមានប្រជាជនអាមេរិកកាលពីសប្ដាហ៍មុនត្រូវត្រៀមខ្លួនសម្រាប់រដូវរងារយៈពេលយូរខាងមុខនេះផងដែរ៕ ប្រភព ៖ Daily Mail 

adverise with khmeread