ខានបុណ្យភ្ជុំ,បុរសម្នាក់ផ្ទុះអាវុធបណ្តាលឱ្យសង្សារស្លាប់ក្នុងរថយន្តហើយចូលសារភាពចំពោះមុខសមត្ថកិច្ច

កំពង់ស្ពឺ ៖ បុរសម្នាក់បានបើករថយន្តដឹកសពសង្សារចូលមកសារភាពប្រាប់កម្លាំងអាវុធហត្ថស្រុកឧដុង្គ បន្ទាប់មានការផ្ទុះអាវុធមួយគ្រាប់បណ្តាលឱ្យសង្សាររបស់ខ្លួនស្លាប់ភ្លាមៗក្នុងរថយន្ត នៅទៀបភ្លឺថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០។

មន្ត្រីអាវុធហត្ថនិយាយថា បុរសម្នាក់មានឈ្មោះ ទាក់ ឌី អាយុ២៨ឆ្នាំ រស់នៅរាជធានីភ្នំពេញ មានមុខរបរលក់ដូរអចលនទ្រព្យ បើកបររថយន្តម៉ាក Lexus RX200T ពណ៌ក្រហម ដោយដឹកមនុស្ស២នាក់ ក្នុងនោះមានសពស្ត្រីម្នាក់ឈ្មោះ ធី លីហ្សា ភេទស្រី អាយុ១៨ឆ្នាំ ដែលជាសង្សារ ឯម្នាក់ទៀតឈ្មោះ ណយ ប៉ូរ៉ា នៅភ្នំពេញរួមដំណើរ បានចូលខ្លួនមកសារភាព នៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកឧដុង្គ។

មន្ត្រីអាវុធហត្ថបន្តថា ជនសង្ស័យឈ្មោះ ទាក់ ឌី ជាជនបង្កបានសារភាពប្រាប់សមត្ថកិច្ចថា ក្រោយធ្វើដំណើរចេញពីខេត្តសៀមរាប ពួកគេទាំង៣នាក់ បានមកដល់ខេត្តកំពង់ឆ្នាំង ក៏ជជែកគ្នាជាមួយសង្សារ ។គាប់ជួនពេលនោះឈ្មោះ ធី លីហ្សា ជាសង្សារបានឈោងទាញកាំភ្លើងពីលើតាប្លូរថយន្ត ដោយឃើញបែបនេះរូបគេឈ្មោះ ទាក់ ឌី បានឈោងទាញដៃសង្សារកុំឱ្យលេងស្រាប់តែពេលនោះរថយន្ត បានរេចង្កូតទៅបុកនឹងខឿនផ្លូវបណ្តាលផ្ទុះកាំភ្លើងម៉ាក ZORAKI M9o-TD មួយគ្រាប់ចំគល់ដោះខាងឆ្វេង បណ្តាលឱ្យស្លាប់ភ្លាមៗក្នុងរថយន្តតែម្តង។

មន្ត្រីអាវុធហត្ថបន្តទៀតថា សង្សារខ្លួនបានស្លាប់ភ្លាម ឈ្មោះ ទាក់ ឌី មិនបានបើករត់គេចខ្លួនទេ ក៏បានបើករថយន្តមកចូលក្នុងមូលដ្ឋានកងរាជអាវុធស្រុកឧដុង្គ ដើម្បីប្រាប់ពីដំណើររឿងដល់សមត្ថកិច្ច។ ករណីនេះបានកើតហេតុនៅក្នុងទឹកដីខេត្តកំពង់ឆ្នាំង ហើយសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានប្រគល់ករណីខាងលើទៅឱ្យខាងអាវុធហត្ថខេត្តកំពង់ឆ្នាំងស្រាវជ្រាវបន្តនីតិវិធី៕


 

adverise with khmeread