ស្ត្រី​​ម្នាក់​ជំនាញ​ខាង​ដោះយក​ក្រវិល​ក្មេង​ៗ​បាន​សម្រេច​ជា​ច្រើន​លើក,ពេលនេះជាប់ខ្នោះ

សៀមរាប ៖ ស្ត្រី​​ម្នាក់​ជំនាញ​ខាង​ដោះយក​ក្រវិល​ក្មេង​ៗ​ បាន​សម្រេច​ជា​ច្រើន​លើក​ស្ថិត​ក្នុងភូមិ​សាស្ត្រ​ឃុំ​បាគង ស្រុក​ប្រាសាទបាគង​ ពេល​នេះ​ត្រូវ​បាន​កម្លាំង​ប៉ូលិស​ស្រុក​ប្រាសាទបាគង ឃាត់ខ្លួន​បានរួច​បញ្ជូន​​ទៅ​តុលាការខេត្ត នាថ្ងៃទី១៥ កញ្ញា ឆ្នាំ២០២០ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​។ 

​លោក​វរសេនីយ៍ឯក លឹ​ម សម្បត្តិ អធិការ​ប៉ូលិស​ស្រុក​ប្រាសាទបាគង បាន​ឱ្យដឹងថា ​បន្ទាប់​ពី​ទទួល​សេចក្តីរាយ​ការណ៍​ពី​បងប្អូន​ប្រជាពលរដ្ឋ​ថា កាលពី​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃ​ទី​១៤ ខែកញ្ញា ឆ្នាំ​២០២០ មាន​មនុស្ស​ស្រី​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក​ហុងដា ស៊េរី​ឆ្នាំ​២០០៥ ពណ៌​ក្រហម មក​ធ្វើ​សកម្មភាព​លួច​ដោះ​ក្រវិល​កូនពួក​គាត់​នៅ​ចំណុច​ភូមិ​ពពេល ឃុំ​បល្ល័ង្ក ស្រុក​ប្រាសាទ​បាគង​។

ពេល​នោះកម្លាំង​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​បាគង និង​កម្លាំង​ប្រជា​ការពារ​សហការ​ជាមួយ​កម្លាំង​ប៉ូលិស​ស្រុក​ប្រាសាទបាគង បាន​​ប្រដេញ និង​ស្ទាក់​តាម​ផ្លូវ​ចាប់​ឃាត់ខ្លួន​បាន​ភ្លាម​ៗ​តែ​ម្តង រួច​បញ្ជូន​មក​អធិការ​ដ្ឋានប៉ូលិសស្រុក ដើម្បី​ធ្វើការ​សួរនាំ រួច​បញ្ជូន​បន្ត​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​។

តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​ឈ្មោះ ភួង សុ​ជាតិ ហៅ​ចំបើង ភេទ​ស្រី អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​លលៃ ឃុំ​បាគង ស្រុក​ប្រាសាទបាគង ឆ្លើយ​ថា ខ្លួន​ពិត​បាន​ធ្វើ​សកម្មភាព​លួច​ដោះ​ក្រវិល (លោហៈធាតុ​ពណ៌​លឿង​) ពី​ត្រចៀក​ក្មេង​ៗពិតប្រាកដ​មែន ហើយ​ក៏​ធ្លាប់​ធ្វើ​សកម្មភាព​លួច​ជា​ច្រើន​លើក​មកហើយ។ វត្ថុ​តាង​ដកហូត​បាន រួម​មាន ម៉ូតូ​ម៉ាក​ហុងដា​ស៊េរី​ឆ្នាំ ២០០៥ ពណ៌​ក្រហម ដែល​ជនសង្ស័យ​ជិះ​ធ្វើ​សកម្មភាព​ចំនួន​១​គ្រឿង, លោហៈធាតុ​ពណ៌​លឿង​ចំនួន​២​គូ (១​គូ​ទម្ងន់​២​ហ៊ុន និង​១​គូទៀត​ទម្ងន់​៣​ហ៊ុន​)​។

បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​ប៉ូលិស​ជំនាញ​ស្រុក​ប្រាសាទបាគង កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី​នៃ​ច្បាប់​៕

adverise with khmeread