ពួកអ្នកលេងអ៊ីនធឺណេតថៃទាមទារឱ្យលុបបំបាត់ចោលការបំពេញកាតព្វកិច្ចយោធា ក្រោយបុរសម្នាក់ទើបចូលហាត់ទាហានបាន១០ថ្ងៃ ស្លាប់យ៉ាងអាថ៍កំបាំង

អ្នកនិយមលេងអ៊ីនធឺណេតថៃកាលពីថ្ងៃអង្គារទី១៥កញ្ញាបានទាមទារឱ្យបញ្ឈប់ការបំពេញកាតព្វកិច្ចយោធា បន្ទាប់ពីផុសមួយលើហ្វេសប៊ុកបានបង្ហាញការស្លាប់របស់ទាហានវ័យក្មេងម្នាក់ទៀតនៅក្នុងស្ថានភាពអាថ៌កំបាំង។

លោក Seree Butwong អាយុ ២១ ឆ្នាំត្រូវបានគេប្រទះឃើញស្លាប់នៅឯមូលដ្ឋានរបស់គាត់កាលពីថ្ងៃចន្ទគឺត្រឹមតែ ១០ ថ្ងៃប៉ុណ្ណោះបន្ទាប់ពីចូលបម្រើកងទ័ព ដែលផុសនេះទំនងត្រូវបានសរសេរដោយក្រុមគ្រួសារជនរងគ្រោះ។

ផុសនោះបានបន្តសរសេរទៀតថា «ក្រុមគ្រួសាររបស់យើងបានទទួលពាក្យ “សុំទោស” ចំពោះសពបុរសវ័យក្មេងរូបនេះរួមនឹងទឹកប្រាក់ ២០.០០០ បាត សម្រាប់ថ្លៃបុណ្យសព។ តើនេះជាតម្លៃនៃការបាត់បង់របស់គ្រួសារមួយមែនទេ? ក្រុមគ្រួសារយើងមានការសង្ស័យអំពីមូលហេតុពិតនៃការស្លាប់នេះ។ ប្អូនប្រុសដើរចូលជំរំ ប៉ុន្តែចេញមកវិញតាមក្តារមឈូស»។

កាលពីថ្ងៃចន្ទនាយឧត្តមសេនីយ៍កងទ័ពម្នាក់បានជូនដំណឹងដល់ក្រុមគ្រួសារថាជនរងគ្រោះបានស្លាប់ដោយសារការកកឈាម ដោយរារាំងលំហូរឈាមទៅកាន់ខួរក្បាលនៅម៉ោងប្រហែល ១៖៤៥ នាទីព្រឹកថ្ងៃចន្ទ។

កាលពីថ្ងៃអង្គារ ពាក្យថា “បញ្ចប់ទៅការបំពេញកាតព្វកិច្ចយោធា” បានចាប់ផ្តើមមាននិន្នាការល្បីខ្ទរខ្ទារពេញបណ្តាញសង្គម Twitter នៅថៃរួមជាមួយនឹងរូបភាពរបស់ Seree។

ទូរទស្សន៍ថៃ PBS បានរាយការណ៍ថា កងទ័ពបានដឹកសពរបស់ Seree ទៅកាន់ស្រុកកំណើតរបស់គាត់នៅខេត្តសុរិន ភាគឦសានប្រទេស។

អ្នកនាំពាក្យកងទ័ពលោកឧត្តមសេនីយ៍ទោ Thirapong Patthamasing Na Ayudhya បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយកាលពីថ្ងៃអង្គារថាក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យភូមិបុល បានធ្វើរោគវិនិច្ឆ័យឃើញមូលហេតុនៃការស្លាប់គឺបណ្តាលមកពីបេះដូងដើរមិនទៀងទាត់និងមិនមែនស្លាប់ដោយសារតែការវាយដុំលើរាងកាយនោះទេ។ លោកបានបន្ថែមថាឪពុកជនរងគ្រោះឈ្មោះ Somsong បានទទួលយកលទ្ធផលរោគវិនិច្ឆ័យរបស់គ្រូពេទ្យ។

ទាហានកាតព្វកិច្ចជាច្រើនបានស្លាប់ក្នុងស្ថានភាពអាថ៌កំបាំងនៅមូលដ្ឋានយោធាក្នុងប៉ុន្មានឆ្នាំថ្មីៗនេះក្នុងប្រទេសថៃ៕​ ប្រភព ៖ Asiaone

adverise with khmeread