តុលាការវៀតណាមកាត់ទោសប្រហារជីវិតបងប្អូនប្រុស២នាក់និងដាក់គុកមនុស្ស២៧នាក់ទៀត ពីបទសម្លាប់ប៉ូលិស៣នាក់នៅក្នុងជម្លោះដីធ្លី

ក្រសួងសន្តិសុខនិងមេធាវីម្នាក់បាននិយាយថាតុលាការវៀតណាមបានកាត់ទោសប្រហារជីវិតបងប្អូនប្រុសពីរនាក់និងកាត់ទោសឱ្យជាប់ពន្ធនាគារលើមនុស្សចំនួន ២៧ នាក់ផ្សេងទៀតកាលពីថ្ងៃចន្ទទី១៤កញ្ញាដោយសារតួនាទីរបស់ពួកគេក្នុងការសម្លាប់ប៉ូលិសចំនួន ៣ រូបក្នុងការប៉ះទង្គិចគ្នាជុំវិញសិទ្ធិកាន់កាប់ដីធ្លី។

Le Dinh Cong និង Le Dinh Chuc ត្រូវបានចោទប្រកាន់ពីបទមនុស្សឃាតនិងប្រឆាំងនឹងមន្ត្រីអនុវត្តច្បាប់នៅចំពោះមុខសវនាការជំនុំជម្រះក្តីដែលមានការយាមកាមយ៉ាងតឹងរ៉ឹង។ មនុស្ស ២៧ នាក់ផ្សេងទៀតត្រូវបានផ្តន្ទាទោសជាប់គុកព្យួរ ជាប់គុក១៦ឆ្នាំ និងជាប់គុកអស់មួយជីវិត។

លោក Le Dinh Kinh អាយុ ៨៣ ឆ្នាំ ជាឪពុករបស់បងប្អូនប្រុសនេះ ត្រូវបានប៉ូលិសបាញ់ស្លាប់ក្នុងអំឡុងពេលប៉ះទង្គិចកាលពីខែមករានៅឯសហគមន៍ធ្វើស្រែតូចមួយឈ្មោះថា Dong Tam នៅជាប់នឹងមូលដ្ឋានទ័ពអាកាស កន្លែងដែលអាជ្ញាធរព្យាយាមសង់ជញ្ជាំង ដែលអ្នកភូមិនិយាយថារំលោភចូលដីរបស់ពួកគេ។

ជម្លោះដីធ្លីគឺជាបញ្ហារ៉ាំរ៉ៃជាយូរមកហើយនៅក្នុងប្រទេសវៀតណាម កន្លែងដែលជម្លោះជុំវិញសិទ្ធិស្របច្បាប់ក្នុងការសាងសង់លើដីធ្លីដែលភាគច្រើនជាដីរដ្ឋ ជាញឹកញាប់ បានប្រែក្លាយជាការតវ៉ា ដែលជួនកាលឈានដល់ហិង្សាកាប់សម្លាប់គ្នា។

ជម្លោះដីធ្លីនៅ Dong Tam គិតមកទល់បច្ចុប្បន្ននៅមិនទាន់ដោះស្រាយបាននៅឡើយទេ៕ ប្រភព ៖ Asiaone

adverise with khmeread