គណៈរដ្ឋមន្រ្តីថៃអនុម័តទិដ្ឋាការទេសចរណ៍រយៈពេលវែងដើម្បីសង្គ្រោះសេដ្ឋកិច្ចដាំក្បាលចុះដោយសារកូវីដ១៩

គណៈរដ្ឋមន្រ្តីថៃកាលពីថ្ងៃអង្គារបានយល់ព្រមអនុញ្ញាតឱ្យចូលចំពោះភ្ញៀវទេសចរបរទេសណា ដែលយល់ព្រមធ្វើច​ត្តា​ឡី​ស័ក ១៤ ថ្ងៃ និង ស្នាក់នៅយ៉ាងតិច ៩០ ថ្ងៃដើម្បីជួយដល់សេដ្ឋកិច្ចដែលកំពុងធ្លាក់ចុះរបស់ខ្លួន។

លោកនាយករដ្ឋមន្រ្តីប្រាយុទ្ធ ចាន់អូចាបានថ្លែងបន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្រ្តីថារដ្ឋាភិបាលនឹងចេញទិដ្ឋាការទេសចរណ៍ពិសេសសម្រាប់អ្នកទេសចរដែលស្នាក់នៅរយៈពេលយូរ។ លក្ខខណ្ឌសំខាន់បំផុតគឺការធ្វើច​ត្តា​ឡី​ស័ក ១៤ ថ្ងៃ។

លោកបានមានប្រសាសន៍ថា "ភ្ញៀវទេសចរអាចមកដល់សម្រាប់ដំណើរទេសចរណ៍ឬសេវាកម្មសុខភាព ហើយពួកគេអាចស្នាក់មណ្ឌលច​ត្តា​ឡី​ស័កដាច់ដោយឡែករបស់រដ្ឋ តំបន់ជាក់លាក់ ឬនៅមន្ទីរពេទ្យ ដែលបំពេញមុខងារជាមណ្ឌលច​ត្តា​ឡី​ស័ក។ ប្រព័ន្ធសុខភាពសាធារណៈរបស់យើងស្ថិតក្នុងចំណោមប្រព័ន្ធសុខាភិបាលល្អបំផុតនៅលើពិភពលោក ហើយមនុស្សអាចមានទំនុកចិត្តលើប្រព័ន្ធយើងបាន"។

លោកនាយករដ្ឋមន្រ្តីបាននិយាយថាមជ្ឈមណ្ឌលសម្រាប់គ្រប់គ្រងស្ថានភាពកូវីដ១៩ នឹងបកស្រាយលម្អិតអំពីបញ្ហានេះនៅពេលក្រោយ។

អ្នកនាំពាក្យរងរដ្ឋាភិបាលលោកស្រី Traisulee Traisaranakul បាននិយាយថាភ្ញៀវទេសចរដែលស្នាក់នៅយូរនឹងត្រូវបង្ហាញភស្តុតាងនៃការទូទាត់សម្រាប់ការស្នាក់នៅរយៈពេលយូររបស់ពួកគេនៅក្នុងប្រទេស។ នេះអាចជាការបង់ប្រាក់សម្រាប់ការកក់សណ្ឋាគារឬជួលបន្ទប់ខុនដូ។

លោកស្រីនិយាយថា “គោលដៅគឺស្វាគមន៍ភ្ញៀវ ១០០ទៅ៣០០ នាក់ក្នុងមួយសប្តាហ៍ឬរហូតដល់ ១២០០ នាក់ក្នុងមួយខែហើយអាចរកចំណូលបានប្រហែល ១ ពាន់លានបាតក្នុងមួយខែ” ។

ទិដ្ឋាការទេសចរណ៍ពិសេសរយៈពេល ៩០ ថ្ងៃនេះអាចពន្យារពីរដងសម្រាប់រយៈពេល ៩០ ថ្ងៃរាល់លើក។ លោកស្រី Traisulee បាននិយាយថាអ្នកទេសចរដែលស្នាក់នៅរយៈពេលយូរអាចនឹងចាប់ផ្តើមមកដល់នៅខែក្រោយនេះហើយ៕​ ប្រភព ៖ Bangkok Post

adverise with khmeread