ភ្លើងឆេះផ្សារសំរោងយ៉ោង, ឆេះអស់តូបលក់ដូររបស់អាជីវករជាង២០០តូប

តាកែវ ៖ មានករណីគ្រោះអគ្គិភ័យឆេះផ្សារសំរោងយ៉ោង ស្ថិតលើផ្លូវជាតិលេខ២ ក្នុងភូមិស្មៅខ្ញី ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ នៅម៉ោងប្រមាណជាង៧យប់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០ ចំថ្ងៃបុណ្យភ្ជុំបិណ្ឌ (ភ្ជុំធំ) ឆេះអស់ជាង២០០តូប ត្រូវបានកម្លាំងសមត្ថកិច្ចពន្លត់អគ្គិភ័យគ្រប់គ្រងបានទាំងស្រុងដោយមិនឆេះរាលដាលដល់ផ្ទះប្រជាពលរដ្ឋនៅជិតផ្សារឡើយ។ 

សមត្ថកិច្ចនិយាយថា ទំហំនៃការខូចខាត និងមូលហេតុនៃការឆេះផ្សារសំរោងយ៉ោងនៅមិនទាន់ដឹងនៅឡើយ។ ក្នុងកិច្ចប្រតិបត្តិការជួយអន្តរាគមន៍ ពន្លត់អគ្គិភ័យ គេឃើញមានវត្តមានលោក អ៊ួច ភា អភិបាលខេត្តតាកែវ លោក សុខ សំណាង ស្នងការខេត្តតាកែវ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត ហើយកិច្ចប្រតិបត្តិការពន្លត់អគ្គិភ័យខាងលើនេះសមត្ថកិច្ចបាន ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ២២គ្រឿង មកពីស្នងការដ្ឋានប៉ូលិសខេត្តតាកែវ ស្នងការដ្ឋានប៉ូលិសខេត្តកំពង់ស្ពឺ ស្នងការដ្ឋានប៉ូលិសខេត្តកណ្ដាល អគ្គស្នងការដ្ឋានប៉ូលិសជាតិ កងពលតូចលេខ៧០ កសិដ្ឋានសូម៉ា ព្រលានយន្តហោះអន្តរជាតិភ្នំពេញ និងក្រុមហ៊ុនស្រាបៀរកម្ពុជា ទើបអាចគ្រប់គ្រងគ្រោះអគ្គិភ័យដ៏ធំខាងលើនេះបាន។

លោកវរសេនីយ៍ទោ ឆាយ កែវមុន្នី អធិការស្រុកបាទី បានបញ្ជាក់ថា តូបអាវីវករចំនួន២៣០តូប ក្នុងចំណោមតូបទាំងអស់២៨៣តូប ត្រូវបានភ្លើងឆេះគ្មានសល់។ ចំពោះមូលហេតុឆេះកំពុងស្រាវជ្រាវបន្ត។ ភ្លើងបានរលត់ទៅវិញនៅម៉ោងប្រមាណ៨ និង០៤នាទីយប់ថ្ងៃដដែល៕

adverise with khmeread