ឃាត់បុរសខ្មែរម្នាក់ប្រើកូនកាំបិតចាក់ទៅលើជនរងគ្រោះជាជនជាតិចិន២នាក់រងរបួស

ភ្នំពេញ  ៖ មានករណីហិង្សាដោយចេតនាបុរសខ្មែរម្នាក់បានប្រើកូនកាំបិតចាក់ទៅលើជនរងគ្រោះជាជនជាតិចិន២នាក់រងរបួសរឿងទំនាស់ នៅចំណុចផ្លូវបេតុង ក្រុមទី១៥ ភូមិស្ពានខ្ពស់សង្កាត់ គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ នៅថ្ងៃទី១៧ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង៨យប់ ហើយជនដៃដល់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន។

សមត្ថកិច្ចនិយាយថា ជនរងគ្រោះឈ្មោះ HUANG XIAOHAI ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិចិន ស្នាក់នៅក្នុងក្រុមហ៊ុនស្រាបៀរ ganzberg ក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មុខរបរជាងផ្សារដែក (របួសដៃឆ្វេង) និងឈ្មោះ LUO YONGKUN ភេទប្រុស អាយុ៥៣ឆ្នាំ ជនជាតិចិន ស្នាក់នៅក្នុងក្រុមហ៊ុនស្រាបៀរ ganzberg ក្នុងសង្កាត់គីឡូម៉ែតលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ (រងរបួសធ្ងន់ខ្នងខាងឆ្វេង)។

ចំណែកជនសង្ស័យឈ្មោះ ឃិន សុផល ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរកម្មករកាប់ជ្រូក ស្នាក់នៅក្នុង កុងស៊ីកាប់ជ្រូក ក្នុងភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មានសារធាតុញៀន។

សមត្ថកិច្ចបន្តថា  នៅថ្ងៃទី១៧ខែកញ្ញាឆ្នាំ២០២០ វេលាម៉ោង៧ និង៣០នាទី​ ជនសង្ស័យ និងប្អូនប្រុសរបស់ខ្លួន បានជិះម៉ូតូទៅរកជនរងគ្រោះ ដើម្បីសួរនាំបញ្ហាទំនាស់កាលពីថ្ងៃមុននៅកន្លែងធ្វើការ ប៉ុន្តែ មិនបានជួបក៏ត្រឡប់មកវិញ។ លុះដល់វេលាម៉ោង៨យប់ថ្ងៃខែឆ្នាំដដែល ជនសង្ស័យបានទៅរកជនរងគ្រោះម្ដងទៀត ដោយបានកាន់កូនកាំបិតទៅជាមួយផង។

ពេលនោះបានជួបជនរងគ្រោះឈ្មោះ HUANG XIAOHAI កំពុងចេញពីធ្វើការដើតាមផ្លូវ ក៏ទៅចាក់ជនរងគ្រោះបណ្ដាលរបួស ឃើញដូចនេះជនរងគ្រោះឈ្មោះ LUO YONGKUN បានស្ទុះមកជួយត្រូវបានជនសង្ស័យចាក់ឱ្យរងរបួសកំភួនដៃដៃខាងឆ្វេង។ ភ្លាមនោះមានប្រជាពលរដ្ឋដែលឃើញហេតុការណ៍ខាងលើបានប្ដឹងរាយការណ៍មកសមត្ថកិច្ចនឹងចុះអន្តរាគមន៍ឃាត់ខ្លួនបានជនសង្ស័យភ្លាមៗតែម្តង។ ជនរងគ្រោះទាំងពីរ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែតដើម្បីសង្គ្រោះ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងដកហូតបានបញ្ជូមទៅអធិការដ្ឋានប៉ូលិសខណ្ឌឫស្សីកែវដើម្បីកសាងសំណុំរឿងទៅតាមនីតិវិធី៕


    

adverise with khmeread