បុរសជនជាតិហូឡង់ស្លាប់នៅផ្ទះជួលសង្កាត់ផ្សារកណ្តាល១

ភ្នំពេញ ៖ មានករណីបុរសជនជាតិហូឡង់ស្លាប់ បង្កការភ្ញាក់ផ្អើល នាវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចផ្ទះជួលលេខ៩២អឺ៣ ផ្លូវលេខ១៥ ភូមិ៨ សង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ។

សមត្ថកិច្ចនិយាយថា អត្តសញ្ញាណសពឈ្មោះKLERX GERARDUS JOHANNES MARIA JOZEF ភេទប្រុស ឆ្នាំកំណើត០៣ មេសាឆ្នាំ១៩៦០ ជនជាតិហូឡង់ មុខរបរទេសចរណ៍ កាន់លិខិតឆ្លងដែនលេខBKB១៣KLB៤ ស្នាក់នៅផ្ទះកើតហេតុខាងលើ។

សាក្សីឈ្មោះ lee Kenneth Forsythe ភេទប្រុស ជនជាតិអាមេរិក ជាម្ចាស់ផ្ទះកើតហេតុបានឱ្យដឹងថា ជនរងគ្រោះបានមកជួលផ្ទះខ្ញុំស្នាក់នៅតែម្នាក់ឯងរយៈពេលជាងមួយឆ្នាំមកហើយ, ហើយនៅម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០ អ្នកជិតខាងដែលរស់នៅក្បែរផ្ទះជនរងគ្រោះបានទូរស័ព្ទមកប្រាប់ប្រពន្ធខ្ញុំថា «មានក្លិនស្អុយចេញពីផ្ទះជនរងគ្រោះ» ហើយប្រពន្ធខ្ញុំបានឱ្យខ្ញុំមកមើល។ ពេលខ្ញុំមកដល់មុខផ្ទះ ខ្ញុំ និងអ្នកជិតខាងបាននាំគ្នាគោះទ្វារហៅជនរងគ្រោះតែមិនមានសំឡេងតបខ្ញុំ ក៏បានយកកូនសោផ្ទះចាក់សោទ្វារផ្ទះបើកចូលទៅក្នុង ឃើញជនរងគ្រោះស្លាប់ក្នុងបន្ទប់ទឹកហើមស្អុយបាត់ហើយ។

ក្រោយពីសភាពការណ៍កើតឡើងកម្លាំងសមត្ថកិច្ចជំនាញខណ្ឌ និងប៉ុស្តិ៍បានចុះដល់ និងគ្រប់គ្រងកន្លែងកើតហេតុ ហើយរាយការណ៍ជូនព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និងបានសហការជាមួយប៉ូលិសការិយាល័យបច្ចេកទេសវិទ្យាសាស្រ្ត ប៉ូលិសការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ប៉ូលិសការិយាល័យសើបអង្កេតនិងអនុវត្តន៍និតិវិធិផែនការងារអន្តោប្រវេសន៍ និងពេទ្យអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបង្កើត គណៈកម្មការធ្វើកោសល្យវិច័យ ពិនិត្យសពនិងកន្លែងកើតហេតុ។

ជាលទ្ធផលតាមការពិនិត្យរបស់ប៉ូលិសការិយាល័យ ជំនាញបច្ចេកទេស និងលោកវេជ្ជបណ្ឌិតនង សុវណ្ណរ័ត្នបានបញ្ជាក់ថា «ស្លាប់ដោយសារជំងឺមហារីកពោះវៀន»។ ក្រោយពីបញ្ចប់ការពិនិត្យ ខាងជំនាញ បច្ចេកទេស បានដឹកយកសាកសពទៅរក្សាទុកនៅសាលតម្កល់សពរបស់មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត៕

adverise with khmeread