ពលរដ្ឋរងគ្រោះថ្នាក់ធម្មជាតិត្រូវរន្ទះបាញ់ស្លាប់៦នាក់និងរបួស៤នាក់នៅស្រុករុក្ខគិរី

បាត់ដំបង ៖ ពលរដ្ឋ១០នាក់កំពុងជួបជុំគ្នាអង្គុយហូបបាយក្រោមផ្ទះ មកលេងបុណ្យភ្ជុំជុំគ្នា នៅវេលាម៉ោង៦និង ១៥នាទីល្ងាចថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០ ក្នុងភូមិបឹងធ្មួយ ឃុំព្រែកជីក ស្រុករុក្ខគិរី ខេត្តបាត់ដំបង បានរងគ្រោះថ្នាក់ធម្មជាតិត្រូវរន្ទះបាញ់ បណ្តាលឱ្យស្លាប់៦នាក់ និង៤នាក់ទៀតបានរងរបួស។

សមត្ថកិច្ចនិយាយថា ដំបូងជនរងគ្រោះអង្គុយហូបបាយជុំគ្នាក្រោមផ្ទះ ចំពេលមានភ្លៀងធំកំពុងធ្លាក់ បង្កឱ្យមានរន្ទះបាញ់ចំជនរងគ្រោះដែលមានពីរគ្រួសារ ដែលជាសាច់ញាតិនឹងគ្នា គឺមួយគ្រួសារជាអ្នកនៅទីរួមខេត្តបាត់ដំបងបានស្លាប់២នាក់, រងរបួស២នាក់ និងមួយគ្រួសារទៀតជាម្ចាស់ផ្ទះ ស្លាប់ ៤នាក់ និងរបួស២នាក់។

សមត្ថកិច្ចបន្តថា អ្នករងគ្រោះដែលបានស្លាប់រួមមាន ១-ឈ្មោះ យ៉ុម ញ៉ិក ភេទប្រុស អាយុ៥៦ឆ្នាំ, ២-ឈ្មោះ ដាំ សុខណា ភេទស្រី អាយុ៥៦ឆ្នាំ (ជាភរិយាអ្នកស្លាប់ទី១), ៣-ឈ្មោះ យ៉ុម ចរិយា ភេទ ស្រី អាយុ ២៥ឆ្នាំ (ជាកូនបង្កើតអ្នកស្លាប់ទី១ និងទី២), ៤-ឈ្មោះ យ៉ុម រ៉ាវុធ ភេទ ប្រុស អាយុ ២៦ឆ្នាំ (ជាកូនបង្កើតអ្នកស្លាប់ទី១ និងទី២), ៥-ឈ្មោះ ធី អត់ស្គាល់ត្រកូលភេទប្រុស មកពីខេត្តបាត់ដំបង, ៦-ឈ្មោះ អន រិន ភេទប្រុស អាយុ ២៧ឆ្នាំ រស់នៅខេត្តបាត់ដំបង។

ចំណែកអ្នករងរបួសរួមមាន ៧-ឈ្មោះ វឿន វុត្ថា ប្រុសអាយុ ៤១ឆ្នាំ នៅរស់ មកពីបាត់ដំបង, ៨- ឈ្មោះ សើក សារស់ ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅ ខេត្តបាត់ដំបង, ៩-ឈ្មោះ ហួត ហុង អាយុ៤៨ឆ្នាំ មកពីបាត់ដំបង និង១០-ឈ្មោះ ឃឿត សំណាង ប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិបឹងធ្មួយ ឃុំព្រែកជីក ស្រុករុក្ខគិរី ខេត្តបាត់ដំបង។

សពមនុស្ស៤នាក់ត្រូវបានអាជ្ញាធរមូលដ្ឋាននិងអ្នកស្រុកតម្កល់ធ្វើបុណ្យជុំគ្នានៅវត្តនិងអ្នករងរបួសកំពុងព្យាបាលនៅមន្ទីរពេទ្យ៕


 

adverise with khmeread