ក្រុមក្មេងស្ទាវវាយតប់គ្នាទៅវិញទៅមកត្រូវប៉ូលិសវ៉ៃខ្នោះទាំងសងខាង

សៀមរាប ៖ ក្រុមជនសង្ស័យ២ក្រុម មានគ្នា៨នាក់ត្រូវបានប៉ូលិសបង្ហាញមុខនាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០ បន្ទាប់ពីបាននាំគ្នាចូលផឹកស៊ីនៅក្នុងហាងមួយកន្លែង ហើយមានទំនាស់ពាក្យសម្ដីគ្នានៅពេលផឹកស៊ី ក៏បានធ្វើសកម្មភាពប្រើអំពើហិង្សាវាយតប់គ្នាទៅវិញទៅមក ដោយយកកៅអីដែក ដែលជាកៅអីសម្រាប់អង្គុយផឹកស៊ីគប់ ទៅលើគ្នាទៅវិញទៅមកបណ្ដាលឱ្យមនុស្សម្នាក់របួសធ្ងន់កាលពីយប់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចក្នុងហាងផឹកស៊ីដែលមានយីហោ The street ស្ថិតនៅភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុង-ខេត្តសៀមរាប។

ប៉ូលិសនិយាយថា បន្ទាប់ពីកើតហេតុនិងទទួលបានសេចក្តីរាយការណ៍ លោកឧត្តមសេនីយ៍ ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ នៃស្នងការដ្ឋានខេត្តសៀមរាប និងលោកវរសេនីយ៍ឯក ណុប សារ៉ាក់ អធិការក្រុងសៀមរាប បានបញ្ជាកម្លាំងត្រៀមអន្តរាគមន៍ ក្រុង សៀមរាប ដឹកនាំដោយ លោកវរសេនីយ៍ទោ នួន សក្តិ ចំរើនរិទ្ធ អធិការរងទទួលការងារព្រហ្មទណ្ឌ សហការជាមួយ កម្លាំងប៉ូលិសប៉ុស្តិ៍សាលាកំរើក ដោយមានការចូលរួមពីប្រជាការពារ បានចុះទៅដល់ទីកន្លែងកើតហេតុភ្លាមៗ និងបានធ្វើការនាំខ្លួនបក្ខពួកជនសង្ស័យទាំង២ក្រុម៨នាក់ខាងលើ មកធ្វើការសាកសួរ និងបញ្ជូនអ្នករងរបួសម្នាក់ឈ្មោះ ប៉ូ សុងហេង ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរចិញ្ចឹមសត្វកង្កែប មានទីលំនៅបច្ចុប្បន្នភូមិជន្លង់ សង្កាត់សាលាកំរើក រងរបួសធ្ងន់ធ្ងរនៅត្រង់ចិញ្ចើមខាងស្ដាំនិងផុងលលាដ៍ក្បាល ទៅមន្ទីរពេទ្យដើម្បីធ្វើការសង្គ្រោះ។

ប៉ូលិសបន្តថា ជនសង្ស័យទាំង០៨នាក់រួមមាន ១-ឈ្មោះ ប៉ូ សុងស៊ាង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស មានទីលំនៅបច្ចុប្បន្នភូមិខ្នារ សង្កាត់ជ្រាវក្រុង-ខេត្តសៀមរាប, ២-ឈ្មោះ សារុន ម៉ារ៉ាថេន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្សមានទីលំនៅបច្ចុប្បន្នភូមិបន្ទាយចាស់សង្កាត់ស្លក្រាម ក្រុង-ខេត្តសៀមរាប, ៣-ឈ្មោះ ថន ប៊ុនឡុង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស មានទីលំនៅបច្ចុប្បន្នភូមិវត្តស្វាយ សង្កាត់សាលាកំរើក ក្រុង-ខេត្តសៀមរាប, ៤-ឈ្មោះ អិន លីហួរ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស មានទីលំនៅបច្ចុប្បន្ន ភូមិស្វាយដង្គុំ សង្កាត់ស្វាយដង្គុំ ក្រុង-ខេត្តសៀមរាប, ៥-ឈ្មោះ ឡុញ យូណាថាន ភេទប្រុស អាយុ១៨ឆ្នាំមុខរបរនៅផ្ទះ មានទីលំនៅបច្ចុប្បន្នភូមិខ្នារ សង្កាត់ជ្រាវក្រុង-ខេត្តសៀមរាប, ៦-ឈ្មោះ ធឹម សុធន ភេទប្រុស អាយុ២១ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅបច្ចុប្បន្ន ភូមិព្រែកថ្មីសង្កាត់ ទឹកវិលក្រុង-ខេត្តសៀមរាប, ៧-ឈ្មោះ សួន ពិសែន ភេទប្រុសមអាយុ១៨ឆ្នាំ មុខរបរសិស្ស មានទីលំនៅបច្ចុប្បន្នភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុង-ខេត្តសៀមរាប និង៨-ឈ្មោះ ប៉ូ សុងហេង ភេទប្រុស អាយុ ២១ ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុង-ខេត្តសៀមរាប។

តាមចម្លើយសារភាពរបស់ជនសង្ស័យទាំង៩នាក់ សមត្ថកិច្ចសន្និដ្ឋានថា ពួកគេទាំងក្រុមធ្លាប់មានទំនាស់ជាច្រើនលើកច្រើនសារមកហើយ។ នៅថ្ងៃកើតហេតុ ពួកគេបានចូលផឹកស៊ីនៅហាង ដែលមានយីហោ The street ស្ថិតនៅភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុង-ខេត្តសៀមរាប ហើយបានទាស់ពាក្យសម្តីគ្នា ជាថ្មីម្តងទៀត រហូតឈានដល់ប្រើអំពើហិង្សាវាយតប់គ្នាទៅវិញទៅមកបណ្តាលឱ្យមនុស្សម្នាក់រងរបួសធ្ងន់។

យោងតាមពាក្យបណ្ដឹងរបស់ម្ចាស់ទីតាំង និងចម្លើយសារភាព របស់ជនសង្ស័យទាំង ៩នាក់ខាងលើ  ជនសង្ស័យទាំងអស់នេះត្រូវបានកម្លាំងប៉ូលិសក្រុងសៀមរាប កសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធី៕


 

adverise with khmeread