រដ្ឋមន្ត្រីបរិស្ថានថៃផ្ញើសំរាមតាមប្រៃសណីយ៍ទៅភ្ញៀវទេសចរដល់ផ្ទះ ដើម្បីជាមេរៀនប្រដៅខ្លះៗដល់ពួកគេ លើកក្រោយធ្វើទៀតគឺជាប់គុក!

ភ្ញៀវដែលមកទស្សនាឧទ្យានជាតិក្នុងប្រទេសថៃឆាប់ៗនេះនឹងចាប់ផ្តើមទទួលបានកាដូមិនពេញចិត្តតាមរយៈប្រៃសណីយ៍នៅពេលពួកគេត្រឡប់ទៅផ្ទះវិញ នោះគឺកញ្ចប់សំរាមផ្ទាល់របស់ពួកគេ។

បន្ទាប់ពីភ្ញៀវទេសចរជាច្រើនបានទុកចោលសំរាមដ៏ច្រើនកាលពីចុងសប្តាហ៍មុននៅក្នុងឧទ្យានជាតិខៅយ៉ៃក្បែរទីក្រុងបាងកក រដ្ឋមន្ត្រីក្រសួងបរិស្ថានលោក Varawut Silpa-archa បានយកសំរាមទាំងនោះខ្ចប់ភ្លាមៗនិងបញ្ជូនទៅអ្នកបំពុលបរិស្ថានតាមប្រៃសណីយ៍។

នៅលើស្រោមសំបុត្រប្រៃសណីយ៍នោះសរសេរថា “យើងបានប្រមូលសំរាមរបស់អ្នកក្នុងប្រអប់ក្រដាសកាតុងរួចបញ្ជូនទៅផ្ទះរបស់អ្នក។ នេះគួរតែជាមេរៀនសម្រាប់អ្នកដើម្បីកុំបោះចោលកាកសំណល់ពាសវាលពាសកាលម្តងទៀត”។

ពួកអ្នកបោះតង់បានចុះឈ្មោះជាមួយរដ្ឋបាលឧទ្យាន ដូច្នេះពួកគេដឹងច្បាស់ពីរបៀបតាមដានភ្ញៀវ បន្ទាប់ពីរកឃើញសំរាមនៅក្បែរតង់របស់ពួកគេ។

យោងតាមវេបសាយ The Thaiger បានឱ្យដឹងថាក្រៅពីប្រអប់សំរាមផ្ទាល់ខ្លួនរបស់ពួកគេ ឥឡូវនេះភ្ញៀវទេសចរក៏នឹងត្រូវបានចុះបញ្ជីជាមួយប៉ូលិសក្នុងស្រុកផងដែរពីបទរំលោភលើច្បាប់ឧទ្យានជាតិ។

លោក​ Narin Pinsakul ប្រធានឧទ្យានបាននិយាយថា “វាអាចបង្កគ្រោះថ្នាក់ដល់សត្វដូចជាក្តាន់ជាដើម ប្រសិនបើពួកវាស៊ីសំរាម វានឹងព្យាយាមរំលាយកាកសំណល់ប្លាស្ទិកដែលមនុស្សទុកចោល”។

លោក Varawut បានបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់លោកថា "សំរាមរបស់អ្នក យើងនឹងផ្ញើទៅផ្ទះរបស់អ្នក" ជាមួយនឹងរូបភាពដបទទេនិងថង់អាហារសម្រន់ខ្ចប់ក្នុងប្រអប់ដែលត្រៀមបញ្ជូនទៅប្រៃសណីយ៍។

លោក Varawut បានព្រមាននៅក្នុងទំព័រហ្វេសប៊ុកថា ការពង្រាយសំរាមអាចត្រូវបានផ្តន្ទាទោសជាប់ពន្ធនាគាររហូតដល់ ៥ ឆ្នាំឬពិន័យជាប្រាក់រហូតដល់ ៥០០.០០០ បាត (១៦.០០០ ដុល្លារ) ក្រោមច្បាប់ប្រឆាំងនឹងការបង្កអន្តរាយដល់បរិស្ថានធម្មជាតិ។ លោក Varawut បាននិយាយថាក្រុមមន្រ្តីនឹងអនុវត្តច្បាប់យ៉ាងតឹងរ៉ឹង៕ ប្រភព ៖ South China Morning Post

adverise with khmeread