ថៅកែក្រុមហ៊ុន Admiral ជប់លៀងចូលនិវត្តន៍ ដោយការចែកលុយ ១០ លានផោនដល់បុគ្គលិក

ថៅកែម្នាក់ផ្តល់ជូនលុយដក់បុគ្គលិករបស់គាត់ចំនួន ១០ លានផោនជាការថ្លែងអំណរគុណដើម្បីអបអរការចូលនិវត្តន៍របស់គាត់។ នេះយោងតាម BBC ផ្សាយកាលពីថ្ងៃសុក្រទី១៨កញ្ញា។

កាដូពីនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Admiral លោក David Stevens និងភរិយារបស់គាត់ឈ្មោះ Heather នឹងត្រូវបានចែករំលែករវាងបុគ្គលិក ៧.៥០០ នាក់នៅភាគខាងត្បូងប្រទេសវែលនិង ៣.០០០ នាក់នៅបរទេស។

បុគ្គលិកពេញម៉ោងនឹងទទួលបាន ១.០០០ ផោន​ ខណៈបុគ្គលិកក្រៅម៉ោងទទួលបាន ៥០០ ផោន។

លោក Stevens ដែលបានបង្កើតក្រុមហ៊ុនធានារ៉ាប់រងយានយន្តដែលមានមូលដ្ឋាននៅទីក្រុង Cardiff រួមគ្នាជាមួយប្រពន្ធរបស់គាត់ក្នុងឆ្នាំ ១៩៩១ បាននិយាយថា គាត់មានមោទនភាពនិងសំណាងដែលបានធ្វើការជាមួយក្រុមមនុស្សពិសេសបែបនេះ។

លោកនិយាយថា “ការថ្លែងអំណរគុណដល់បុគ្គលិកក្រុមហ៊ុន Admiral ទាំងអស់តាមវិធីនេះគឺជារឿងត្រឹមត្រូវដែលត្រូវធ្វើ។ ការខិតខំនិងការលះបង់របស់ពួកគេបានអនុញ្ញាតឱ្យក្រុមហ៊ុន Admiral លូតលាស់ពីក្រុមហ៊ុនក្មេងខ្ចីទៅជាក្រុមហ៊ុនដែលមានបុគ្គលិករហូតដល់ជាង ១១.០០០ នាក់នៅទូទាំងពិភពលោក។ ហើយវានៅតែជាកន្លែងល្អសម្រាប់ធ្វើការ។ សូមថ្លែងអំណរគុណពីខ្ញុំនិងភរិយាខ្ញុំចំពោះអ្នករាល់គ្នានៅក្រុមហ៊ុន Admiral"។

លោក Stevens នឹងត្រូវបន្តវេនដោយលោក Milena Mondini de Focatilis៕ 

adverise with khmeread