សមត្ថកិច្ចចម្រុះស្ទាក់ចាប់ចោរឆក់កាបូបបាន២នាក់នៅស្រុកកណ្ដាលស្ទឹង

កណ្តាល ៖ ជនសង្ស័យជាចោរឆក់កាបូប២នាក់ត្រូវបានសមត្ថកិច្ចចម្រុះស្ទាក់ចាប់បានភ្លាមៗ បន្ទាប់ពីបានធ្វើសកម្មភាពឆក់កាបូបលុយមិនបានសម្រេច បណ្តាលឱ្យជនរងគ្រោះដួលម៉ូតូរងរបួសកើតឡើង នាថ្ងៃទី១៧ កញ្ញា ឆ្នាំ២០២០​ វេលា​ម៉ោង​៥និង៥០នាទី​ល្ងាចនៅចំណុចភូមិ​ចំបក់​ត្រប់​ ឃុំ​ ព្រែក​រការ​ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។

ប៉ូលិសនិយាយថា ជនរងគ្រោះ៣នាក់​រួមមាន ១-ឈ្មោះ​ ឡុច​ សុខយ៉ូន​ ភេទ​ ស្រី​ អាយុ​២៨ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ ចំបក់​ត្រប់​ ឃុំ​ ព្រែក​រការ​ ស្រុក​ កណ្ដាល​ស្ទឹង​ ខេត្ត​កណ្ដាល​មុខ​របរ​កម្មការិនី​សិប្បកម្ម​តម្បាញ​, ២-ឈ្មោះ​ ម៉ន​ រតនា​ ភេទ​ ស្រី​ អាយុ​ ៣៣​ឆ្នាំ​ ​មាន​ទីលំនៅ​ភូមិ​ ចំបក់​ត្រប់​ ឃុំ​ ព្រែក​រការ​ ស្រុក​ កណ្ដាល​ស្ទឹង​ ខេត្ត​កណ្ដាល​ មុខ​របរ​កម្មការិនី​សិប្បកម្ម​តម្បាញ ​និង៣-ឈ្មោះ​ សុខ​ សុងហេង​ ភេទ​ ប្រុស​ អាយុ​ ៣៧ឆ្នាំ​ ​មាន​ទីលំនៅ​ភូមិ​ ចំបក់​ត្រប់​ ឃុំ​ព្រែក​រការ​ ស្រុក​កណ្ដាល​ស្ទឹង​ ខេត្ត​កណ្ដាល​ មុខ​របរ​កម្មករ​សំណង់​។ 

ចំណែកជនសង្ស័យ០២នាក់​រួមមាន ១-ឈ្មោះ សុត សុជាតិ ភេទប្រុស អាយុ២២ឆ្នាំ​ មានទីលំនៅបច្ចុប្បន្ន ភូមិ ទាំងឬស្សី ឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ មុខរបរកម្មកររោងចក្រ និង២-ឈ្មោះ ភុន វីរ: ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិទាំងឫស្សី ឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ មុខរបរ កម្មករសំណង់។ វត្ថុតាងចាប់យក ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ Honda Dream Fi​ សេ១១០​ ពណ៌​ ក្រហម​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 1BQ 6326 ជារបស់​ជនសង្ស័យ​។

ប៉ូលិសបន្តថា នៅថ្ងៃទី​ខែ​ឆ្នាំ​កើត​ហេតុ​ខាង​លើ​ជនរងគ្រោះ​ទាំង​០៣នាក់បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ ហុង​ដា​ សេ១២៥​ ស៊េរី​ឆ្នាំ​២០១៦​ ដោយ​ឈ្មោះ​ សុខ​ សុងហេង​ ជាអ្នក​បើកបរម៉ូតូ​ ឈ្មោះ​ ម៉ន​ រតនា​ ជិះ​កណ្ដាល​ និង​ ឡុច​ សុខយ៉ូន​ជាអ្នក​ជិះខាងក្រោយ​ បាន​ធ្វើ​ដំណើរ​ចេញ​ពី​សួន​សត្វ​ភ្នំ​តាម៉ៅ​ស្ថិត​នៅ​ក្នុង​ស្រុក​បាទី​ ខេត្ត​តាកែវ​ ដើម្បី​ត្រឡប់​មក​ផ្ទះ​វិញ​ស្ថិត​នៅ​ភូមិ​ឃុំកើតហេតុ​ខាង​លើ​។

ខណៈពេល​ជិះ​មកដល់​ចំណុច​កើត​ហេតុ​ខាង​លើ​ស្រាប់​តែ​មាន​ជនសង្ស័យ​២នាក់​ជិះ​ម៉ូតូ​ម៉ាក​ Honda Dream Fi ពណ៌​ក្រហម​ ដោយ​ឈ្មោះ​ សុត​ សុជាតិ​ជាអ្នក​បើកបរម៉ូតូ​ និង​ឈ្មោះ​ ភុន​ វិរៈ​ជាអ្នក​ជិះខាងក្រោយ​ បានជិះ​មកតាមពី​ក្រោយជន​រងគ្រោះ​រួច​វ៉ាមកខាង​ស្តាំដៃជនរង​គ្រោះ​ រួច​ជនសង្ស័យ​ជិះ​ខាង​ក្រោយ​បានធ្វើ​សកម្មភាព​ឆក់​កាបូប​លុយ​របស់​ជន​រងគ្រោះ​ដែល​ជិះ​ខាង​ក្រោយ​ដាច់​ខ្សែ​កាបូប​ តែ​មិនបានសម្រេចធ្វើឱ្យ​ជនរងគ្រោះ​២នាក់​ធ្លាក់​ពីលើ​ម៉ូតូ​បណ្ដាល​ឱ្យ​ ជនរងគ្រោះ​ម្នាក់​របួស​ជើងខាងស្តាំ​ និង​ម្នាក់​ទៀត​មាន​ផ្ទៃ​ពោះ​ជិតគ្រប់ខែ។

បន្ទាប់មក​ជនសង្ស័យ​បានជិះម៉ូតូ​គេចខ្លួន​ ភ្លាម​នោះ​ជនរងគ្រោះ​បាន​តេ​ទូរស័ព្ទ​ប្រាប់​ឪពុក​របស់​ខ្លួន​ដែល​ជា​ប្រជាការពារ​ឱ្យ​ស្រែក​តាម​វិទ្យុ​ទាក់ទង​អាយកូម​ ដេញតាមពីក្រោយ​ជនសង្ស័យ​ឃើញដូចនោះក៏ផ្តួលម៉ូតូ​របស់ខ្លួន​តែត្រូវប្រជាការពារ​ និង​ប៉ូលិស​ប៉ុស្តិ៍​​រដ្ឋ​បឹងខ្យាង​ និង​ ព្រែក​ស្លែង​ចាប់ឃាត់ខ្លួនបាននៅ​ចំណុច​ភូមិ​ប្រឡាយ​ ឃុំ​បឹងខ្យាង​ រួច​បញ្ជូន​ជន​សង្ស័យ​មក​កាន់​អធិ​ការ​ដ្ឋានប៉ូលិសស្រុកដើម្បី​បន្តនីតិវិធី៕

adverise with khmeread