ម៉ូតូនិងម៉ូតូបើកបុកគ្នារបួសធ្ងន់ស្រាល៥នាក់នៅស្រុកកោះធំ

កណ្តាល ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោករវាងម៉ូតូ និង ម៉ូតូបញ្ច្រាសទិសគ្នាបណ្ដាលឱ្យរងរបួស៥នាក់ (ស្រី៣នាក់) កើតឡើងនាថ្ងៃព្រហស្បតិ៍ទី១៧ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង២ និង៥០ នាទីរសៀល នៅលើកំណាត់ផ្លូវជាតិលេខ១១០ ស្ថិតនៅក្នុងភូមិដើមពោធិ៍ ឃុំជ្រោយតាកែវ  ស្រុកកោះធំ ខេត្តកណ្តាល។

សមត្ថកិច្ចនិយាយថា ដំបូងមានម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកភ្នំពេញ 1CI-7420 (មានកញ្ចក់) បើកបរមានទិសដៅពីត្បូងទៅជើង (ព្រែកជ្រៃ-ច្បារអំពៅ) បើកបរដោយឈ្មោះ ពូ សំអាត ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិព្រែកសំរោង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល  មានពាក់មួកសុវត្តិភាព (រងរបួសធ្ងន់)។

លុះដល់ចំណុចខាងលើបានបុកម៉ូតូម៉ាកហុងដា ស្កុបពីពណ៌ស ពាក់ស្លាកលេខ កណ្ដាល 1AI-9635 មានកញ្ចក់បើកបរមានទិសដៅពីជើងទៅត្បូងបញ្រ្ចាសទិសគ្នា បើកបរដោយឈ្មោះ ផេង ធី ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរជាងកាត់សក់ មានទីលំនៅភូមិព្រែកភូមិ ឃុំជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្តាល អត់ពាក់មួកសុវត្តិភាព រងរបួសស្រាល មានឌុបអ្នករួមដំណើរ៣ នាក់ ទី១- ឈ្មោះ បាន គន្ធា ភេទស្រី អាយុ២៣ឆ្នាំ មុខរបរនៅផ្ទះ អត់ពាក់មួកសុវត្តិភាព (ត្រូវជាប្រពន្ធ) មានទីលំនៅ ជាមួយគ្នារងរបួសធ្ងន់ ក្បាលថ្ងាស និង បាក់ជើងឆ្វេង,​ ទី២-ឈ្មោះបាន គន្ធី ភេទស្រី អាយុ ២០ឆ្នាំ មុខរបរសិស្ស (ត្រូវជាប្អូនថ្លៃ) មានទីលំនៅភូមិអន្លង់សាន ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្តាល អត់ពាក់មួកសុវត្តិភាព រងរបួសស្រាល និង ទី៣-ឈ្មោះ បាន ធា រី ភេទស្រី អាយុ ៥ ឆ្នាំ( ត្រូវជាប្អូនថ្លៃ )មុខរបរនៅផ្ទះ មានទីលំនៅភូមិអន្លង់សាន ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្ត កណ្តាល  អត់ពាក់មួកសុវត្តិភាព រងរបួសស្រាល។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ចថា ករណីនេះបង្កឡើងដោយអ្នកបើកបរម៉ូតូពាក់ស្លាកលេខ ភ្នំពេញ 1CI-7420 ងងឹតមុខរេចង្កូតទៅបុកម៉ូតូម៉ាកស្កុបពី ពាក់ស្លាកលេខ កណ្ដាល 1AI-9635 នៅខាងឆ្វេងដៃរបស់ខ្លួន។

ករណីនេះកម្លាំងប៉ូលិសជំនាញ និង កម្លាំងប៉ូលិសប៉ុស្តិ៍បានចុះទៅដល់កន្លែងកើតហេតុ ធ្វើការវាស់វែងរួចរាល់ហើយយកមធ្យោបាយដែលពាក់ព័ន្ធមករក្សាទុកបណ្ដោះអាសន្ននៅអធិការដ្ឋានប៉ូលិសស្រុកកោះធំដើម្បីបន្តចាត់ការតាមនីតិវិធី៕


       

adverise with khmeread