រថយន្តខ្នាតយក្សដឹកសត្វជ្រូកបើកបង្កាន់ដៃស្ពានធ្លាក់មកក្រោមស្លាប់ម្នាក់, របួស១២នាក់

បន្ទាយមានជ័យ ៖ មានករណីរថយន្តខ្នាតយក្សដឹកសត្វជ្រូកបង្កគ្រោះថ្នាក់ដោយខ្លួនឯង លើកំណាត់ផ្លូវជាតិ ៥៨ ចំណុចស្ពានលេខ ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ២៣-២៤ ស្ថិតក្នុងភូមិប្រាសាទ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នាល្ងាចថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០ បណ្តាលឱ្យមនុស្សម្នាក់ស្លាប់និង១២នាក់របួសធ្ងន់ស្រាល។

សមត្ថកិច្ចនិយាយថា រថយន្តយក្សដឹកជ្រូកមួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ កំពង់ចាម 3MA-8759 ដឹកសត្វជ្រូកបើកពីទិសខាងលិចទៅខាងកើតមានអ្នករួម ១៣នាក់ នៅក្នុងរថយន្តបានរេចង្កូតទៅបុកបង្កាន់ដៃស្ពាន បណ្តាលឱ្យផ្លោងធ្លាក់មកដីស្លាប់មនុស្សម្នាក់, ចំណែក៦នាក់ធ្ងន់និង៦នាក់របួសស្រាល។

សមត្ថកិច្ចបន្តថា ខណៈពេលដែលកំពុងបើកមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តបានរេចង្កូតទៅខាងស្តាំបុកបង្កាន់ដៃស្ពានពេញទំហឹង បណ្តាលឱ្យរថយន្តផ្លោងលើបង្កាន់ដៃស្ពានជាប់ពាក់កណ្តាលចំណែកក្បាលរថយន្តបានធ្លាក់ទៅលើដីសង្កត់ស្លាប់អ្នករួមដំណើរម្នាក់, ឯចំនួន៦នាក់បានរងរបួសធ្ងន់ និង៦នាក់ទៀតរបួសស្រាល ត្រូវបានដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែក ក្រុងប៉ោយប៉ែត ចំណែកអ្នកបើកក្រោយពីកើតហេតុបានរត់គេចខ្លួនបាត់តែម្តង។  

រថយន្តត្រូវបានប៉ូលិសជំនាញចរាចរណ៍ស្រុកស្ទូចយកមកទុកនៅអធិការដ្ឋានប៉ូលិសស្រុក ដើម្បីរកម្ចាស់ និងអ្នកបើកចូលខ្លួនមកដោះស្រាយតាមច្បាប់៕

adverise with khmeread