អ្នកបើកបរចូលប្រុងប្រយ័ត្នល្បិចចោរ ខណៈមានអ្នកសុំកូនសោឡានរៀបចំសណ្តាប់ធ្នាប់

តាកែវ ៖ ចាត់ទុកថាជាល្បិចថ្មីរបស់ពួកចោរ ដែលបានបន្លំខ្លួនធ្វើជាម្ចាស់ផ្ទះសំណាក់សុំកូនសោឡានដើម្បីសារ៉េរៀបចំសណ្តាប់ធ្នាប់ ហើយបើកឡានភ្ញៀវយកទៅបាត់តែម្តង បង្កការភ្ញាក់ផ្អើល នាថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចផ្ទះសំណាក់ «មហារុងរឿង» ស្ថិតក្នុងភូមិខ្លាគ្រហឹម ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ។

សមត្ថកិច្ចនិយាយថា រថយន្តដែលបាត់ម៉ាក TOYOTA RIVO ស៊េរីឆ្នាំ២០១៩ ពាក់ផ្លាកលេខ ភ្នំពេញ 2BK-4443 ជាកម្មសិទ្ធិរបស់ម្ចាស់ឈ្មោះ រិន រ៉ាវី ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិសុភី ឃុំកំពង់ស្វាយ ស្រុកសេរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ ជាភ្ញៀវស្នាក់នៅផ្ទះសំណាក់ខាងលើ។

ប្រភពដដែលបន្តថា ដំបូងជនសង្ស័យម្នាក់បានបន្លំធ្វើជាម្ចាស់ផ្ទះសំណាក់ ហើយបានទៅគោះទ្វារ យកកូនសោឡានដោយនិយាយថា «យកទៅរៀបចំទុកដាក់រថយន្តឱ្យមានសណ្ដាប់ធ្នាប់» ហើយក៏យករថយន្តបើកទៅបាត់តែម្ដង។ លុះដល់វេលាម៉ោង១១ និង១០នាទីយប់ថ្ងៃដដែលមិនឃើញយកកូនសោមកឱ្យវិញ ទើបដឹងថាបាត់រថយន្តនាំឱ្យមានការឆោឡោឡើងតែម្តង។

បន្ទាប់មកជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹង នៅអធិការដ្ឋានប៉ូលិសស្រុកត្រាំកក់ ដើម្បីឱ្យសមត្ថកិច្ចតាមចាប់ខ្លួនជនល្មើសដែលមានរូបភាពតាមកាមេរ៉ាសុវត្ថិភាពស្រាប់ យកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕


 

adverise with khmeread