កម្លាំងអាវុធហត្ថចាប់ខ្លួនចោរដែលបន្លំធ្វើជាម្ចាស់ផ្ទះសំណាក់ «មហារុងរឿង»

ភ្នំពេញ ៖ ពួកចោរដែលបន្លំធ្វើជាម្ចាស់ផ្ទះសំណាក់ «មហារុងរឿង» ទៅគោះទ្វារបន្ទប់សុំកូនសោរថយន្តរួចលួចយកទៅបាត់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឃាត់ខ្លួននារសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០នេះ នៅតំបន់កោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

យ៉ាងណាក៏ដោយកម្លាំងអាវុធហត្ថរាជថានីភ្នំពេញ នៅមិនទាន់បង្ហាញពីអត្តសញ្ញាណជនសង្ស័យនៅឡើយ ព្រោះកំពុងសាកសួរចម្លើយនិងតាមស្រាវជ្រាវចាប់ខ្លួនបក្ខពួកនៅសល់។

គួររម្លឹកថា មានករណីចោរលួចឡានបានកើតឡើងនៅវេលាចន្លោះប្រហែល៩ដល់ម៉ោង១១យប់ នាថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចផ្ទះសំណាក់ «មហារុងរឿង» ស្ថិតក្នុងភូមិខ្លាគ្រហឹម ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ។

សមត្ថកិច្ចនិយាយថា រថយន្តដែលបាត់ម៉ាក TOYOTA REVO ស៊េរីឆ្នាំ២០១៩ ពាក់ផ្លាកលេខ ភ្នំពេញ 2BK-4443 ជាកម្មសិទ្ធិរបស់ម្ចាស់ឈ្មោះ រិន រ៉ាវី ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិសុភី ឃុំកំពង់ស្វាយ ស្រុកសេរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ ជាភ្ញៀវស្នាក់នៅផ្ទះសំណាក់ខាងលើ។

ប្រភពដដែលបន្តថា ដំបូងជនសង្ស័យម្នាក់បានបន្លំធ្វើជាម្ចាស់ផ្ទះសំណាក់ ហើយបានទៅគោះទ្វារ យកកូនសោឡានដោយនិយាយថា «យកទៅរៀបចំទុកដាក់រថយន្តឱ្យមានសណ្ដាប់ធ្នាប់» ហើយក៏យករថយន្តបើកទៅបាត់តែម្ដង។ លុះដល់វេលាម៉ោង១១និង១០នាទីយប់ថ្ងៃដដែលមិនឃើញយកកូនសោមកឱ្យវិញ ទើបដឹងថាបាត់រថយន្តនាំឱ្យមានការឆោឡោឡើងតែម្តង។

បន្ទាប់មកជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹង នៅស្រុកត្រាំកក់ ដើម្បីឱ្យសមត្ថកិច្ចតាមចាប់ខ្លួនជនល្មើសដែលមានរូបភាពតាមកាមេរ៉ាសុវត្ថិភាពស្រាប់ យកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕

adverise with khmeread