ចោរឆក់កាបូបស្ពាយពីស្ត្រីម្នាក់បានសម្រេចជិតមួយខែមុន, ឥឡូវប៉ូលិសខណ្ឌច្បារអំពៅវ៉ៃខ្នោះ

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបានប៉ូលិសខណ្ឌច្បារអំពៅឃាត់ខ្លួន នាថ្ងៃទី២៩ កញ្ញា ឆ្នាំ២០២០ បន្ទាប់ពីបានធ្វើសកម្មភាពឆក់កាបូបស្ពាយពីស្ត្រីម្នាក់បានសម្រេច នៅមុខដីឡូត៍គ្មានលេខ ភូមិរបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី០២ កញ្ញា ឆ្នាំ២០២០ វេលាម៉ោង៩ និង៣០នាទីកន្លងទៅនេះ។

ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះ អ៊ុយ ចាន់សុភ័ក្រ្ត ភេទស្រី អាយុ៥៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ យាមដីឱ្យគេ ស្នាក់នៅភូមិចុងព្រែក សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ។ ចំណែកជនសង្ស័យឈ្មោះបាន ពិសិដ្ឋ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ។

ប៉ូលិសបន្តថា ដំបូងជនរងគ្រោះជិះម៉ូតូទៅលេងផ្ទះមិត្តភក្តិ ពេលមកដល់ចំណុចកើតហេតុ ស្រាប់តែមានជនសង្ស័យជិះម៉ូតូម៉ាកKTM-200 ពណ៌ខ្មៅ លាយទឹកក្រូច ស្លាកលេខភ្នំពេញ 1GP-1401 ពាក់មួកការពារពណ៌បៃតង មកពីក្រោយអែបខាងស្តាំ ឆក់កាបូបជនរងគ្រោះដែលស្ពាយចំហៀង ក្នុងកាបូបមាន ទូរស័ព្ទចំនួន ០១គ្រឿងពណ៌ស លេខស៊ីម ០១៥ ៩៥១២៧៣, ០៧៦ ៦៣៤៣៧៧៨, លុយ១២៤ដុល្លារ, លុយខ្មែរ ៤០ម៉ឺនរៀល, ខ្សែដៃប្លាទីន ០១ខ្សែ និងក្រវិល ប្លាទីន០១គូ រួចជិះម៉ូតូគេចខ្លួន។ 

លុះដល់ថ្ងៃទី១៩ កញ្ញា ឆ្នាំ២០២០ វេលាម៉ោង៣រសៀល សមត្ថកិច្ចបានស្រាវជ្រាវឃាត់ខ្លួនជន សង្ស័យនៅភូមិចុងព្រែក សង្កាត់ព្រែកឯង និងម៉ូតូជិះធ្វើសកម្មភាពបញ្ចូនមកអធិការដ្ឋានប៉ូលិសខណ្ឌច្បារអំពៅ ចាត់ការតាមច្បាប់តែម្តង៕


 

adverise with khmeread