ឃាត់ជនសង្ស័យម្នាក់លួចទូរស័ព្ទក្នុង Pass App, តែជនសង្ស័យបានប្រកែក

កណ្តាល ៖ ជនសង្ស័យម្នាក់ត្រូវបានប៉ូលិសក្រុងតាខ្មៅឃាត់ខ្លួនក្នុងករណីលួចទូរស័ព្ទដៃ នាថ្ងៃទី១៩ ខែកញ្ញាឆ្នាំ២០២០ វេលាម៉ោង២ និង៣០នាទីរសៀល នៅចំណុចមាត់ស្ទឹងភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល តែករណីនេះជនសង្ស័យបានប្រកែក។

ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះ ហ៊ត ស្រ៊ឹ ភេទប្រុស អាយុ៤០ឆ្នាំ ទីលំនៅភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាលមុខរបរបុគ្គលិកអង្គការ, សម្ភារ:បាត់បង់ទូរសព្ទ១គ្រឿងម៉ាក OPPOA5s ពណ៌ក្រហម។ ចំណែកជនសង្ស័យឈ្មោះ តា ឌឿន ភេទប្រុស អាយុ៣៨ឆ្នាំ បច្ចុប្បន្នស្នាក់នៅក្រោមស្ពានភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតបាកដ (ឃាត់ខ្លួន)។ វត្ថុតាងចាប់យកម៉ាកmiពណ៌ទឹកមាស (ខូចគុណភាព) របស់ជនសង្ស័យ។

ប៉ូលិសបន្តថា ដំបូងជនរងគ្រោះនិងបងស្រីបានជិះ Pass App មកទិញអីហូបនៅមាត់ស្ទឹងតាខ្មៅ ពេលមកដល់ជនរងគ្រោះនិងបងស្រីបានចុះពីលើ Pass App ទៅទិញម្ហូបជិតទីនោះដោយមិនបានយកទូរស័ព្ទតាមខ្លួនទេ។ ពេលកំពុងទិញម្ហូបស្រាប់តែសាក្សីនៅជិតកន្លែងកើតហេតុ បានឃើញជនសង្ស័យធ្វើសកម្មភាពលួចយកទូរស័ព្ទពណ៌ក្រហមរបស់ជនរងគ្រោះពីក្នុង Pass App ដាក់ចូលក្នុងហោប៉ៅខោរួចរត់ចេញទៅតាមផ្លូវខាងកើតផ្សារតាខ្មៅចាស់។

ឃើញដូចនេះសាក្សីបានរត់ទៅប្រាប់ជនរងគ្រោះហើយបានតាមរកជនសង្ស័យឃើញ តែមិនឃើញទូរស័ព្ទរបស់ខ្លួនឡើយ ទើបឃាត់ខ្លួនជនសង្ស័យបញ្ជូនមកកាន់អធិការដ្ឋានប៉ូលិសក្រុងតាខ្មៅដើម្បីធ្វើការសាកសួរ។ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យមិនព្រមឆ្លើយសារភាពទេ តែសាក្សីឃើញហេតុការណ៍ច្បាស់លាស់បានមកបំភ្លឺជូនសមត្ថកិច្ចរួចរាល់អស់ហើយ។ ករណីនេះកម្លាំងប៉ូលិសជំនាញបានបន្តកសាងសំណុំរឿងដើម្បីចាត់ការតាមនីតិវិធី៕

adverise with khmeread