ប៉ូលិសចាប់ចោរឆក់កាបូប២នាក់នៅស្រុកខ្សាច់កណ្តាល

កណ្តាល ៖ ចោរឆក់កាបូប២នាក់ត្រូវបានប៉ូលិសស្រុកខ្សាច់កណ្តាលចាប់ខ្លួនបានភ្លាមៗ បន្ទាប់ពីបានធ្វើសកម្មភាពឆក់យកកាបូបពីស្ត្រីម្នាក់បានសម្រេចកាលពីថ្ងៃសៅរ៍ ទី១៩ កញ្ញា ឆ្នាំ២០២០ វេលាម៉ោង៥ និង៣០នាទីល្ងាច នៅចំណុចភូមិព្រះប្រសប់ ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល។ 

ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះ ពេជ្រ ដាឡែន ភេទស្រី អាយុ១៩ឆ្នាំជនជាតិខ្មែរមុខរបរលក់បាយ មានទីលំនៅ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ជនរងគ្រោះបាត់បង់ កាបូបយួរចំនួន០១ប្រាក់ ក្នុងកាបូបចំនួន៤០ម៉ឺនរៀល, ផោរើលប៊េងចំនួន០១ និងទូរស័ព្ទចំនួន១គ្រឿង (រកឃើញវិញ)។ 

ចំណែកជនសង្ស័យ២ នាក់រួមមាន ១.ឈ្មោះហួត មករា ហៅប៊ី ភេទប្រុសអាយុ១៧ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិតប្រាកដ ទីលំនៅភូមិ បឹងជន្លេន ឃុំឫស្សីជ្រោយ ស្រុកមុខកំពូលខេត្តកណ្ដាល (ឃាត់ខ្លួន) និង២. ឈ្មោះមិត្ត និមល ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិឈើទាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល (ឃាត់ខ្លួន)។ វត្ថុតាងចាប់យក កាបូបយួរចំនួន១ ដាច់ខ្សែយួរមួយចំហៀង, ប្រាក់ក្នុងចំនួន៤០ម៉ឺនរៀល, ផោរើលប៊េងចំនួន០១ ទូរស័ព្ទចំនួន១គ្រឿង (របស់ជនរងគ្រោះ) និង ម៉ូតូចំនួន០១គ្រឿងម៉ាក SUZUKI NEX2 ពាក់ផ្លាកលេខកណ្ដាល 1AD- 4306 (របស់ជនសង្ស័យជិះធ្វើសកម្មភាព)។

ប៉ូលិសបន្តថា នៅថ្ងៃទី១៩ កញ្ញា ឆ្នាំ២០២០ វេលាម៉ោង៤ល្ងាច ឈ្មោះ ខេង មករា ដែលជាប្តីជនរងគ្រោះបានឌុបជនរងគ្រោះចេញពីផ្ទះបងប្អូន នៅឃុំកំពុងពពិល ស្រុកពារាំង ខេត្តព្រៃវែង ត្រឡប់មកផ្ទះឪពុកម្តាយខ្លួន នៅភូមិកណ្ដាល ឃុំស្វាយរមៀត ស្រុកខ្សាច់កណ្តាល ដោយជនរងគ្រោះយួរកាបូបមួយមានប្រាក់ ចំនួន៤០ម៉ឺនរៀល, ទូរស័ព្ទមួយគ្រឿង ម៉ា IPhone7plus និង ផោរើលប៊េងចំនួន០១។

លុះដល់វេលាម៉ោង៥ និង៣០នាទីល្ងាចថ្ងៃដដែល ពេលជនរងគ្រោះជិះម៉ូតូមក មុខក្លោងទ្វារវត្តបុទុមរង្សី ហៅវត្តតាមើមភូមិព្រះប្រសប់ ឃុំព្រះប្រសប់ ស្រាប់តែជនសង្ស័យឈ្មោះ ហួត មករា ជិះម៉ូតូម៉ាក SUZUKI NEX2 ឌុបជនសង្ស័យឈ្មោះ មិត្ត និមល មកតាមក្រោយ ហើយឆក់យកកាបូបយួរពីជនរងគ្រោះ ជិះម៉ូតូគេចខ្លួន ចូលទៅក្នុងវត្តព្រះប្រសប់។ ពេលនោះជនរងគ្រោះបានស្រែកឆោឡោ និងជិះម៉ូតូដេញតាម ទើបប៉ូលិសប៉ុស្តិ៍ព្រះប្រសប់អន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់នោះ និងដកហូតវត្ថុតាង បញ្ជូនមកអធិការដ្ឋានស្រុកខ្សាច់កណ្តាលបន្តអនុវត្តតាមនីតិវិធី។

យោងតាមយោបល់លោក ហោ លីណា ព្រះរាជអាជ្ញារងអមសាលដំបូងខេត្តកណ្ដាលតាមទូរស័ព្ទបានអនុញ្ញាតឱ្យប៉ូលិសប្រគល់កាបូបយួរចំនួន១, ប្រាក់, ផោរើលប៊េងចំនួន០១ និង ទូរស័ព្ទទៅជនរងគ្រោះវិញ៕

adverise with khmeread