ចោរប្រែតលួចលុយព្រះ​ចៅអធិការ​វត្ត​អូរ​ដូនតា អស់គ្មានសល់

ប៉ៃលិន ៖ មានករណីចោរកាត់​សោ​ទ្វារ​កុដិរបស់​ព្រះ​ចៅអធិការ​វត្ត​អូរ​ដូនតា រួច​ចូល​ទៅ​លួច​លុយបច្ច័យ​បាត់អស់គ្មានសល់ បង្កការភ្ញាក់ផ្អើលកាលពីថ្ងៃ​ទី​១៩ ខែកញ្ញា ឆ្នាំ​២០២០ ស្ថិត​ក្នុងភូមិ​ដីស្អិត ឃុំ​ស្ទឹង​ត្រង់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន។
 
​ព្រះ​ចៅអធិការ​វត្តមាន​សង្ឃដីកាប្រាប់​សមត្ថកិច្ច​ថា បច្ច័យ​ដែល​ចោរលួច​នោះ​មាន លុយ​ថៃ​ចំនួន ១០ ០០០បាត​, លុយ​ខ្មែរ​ចំនួន២លាន២សែនរៀល​, លុយ​អាមេរិក​ចំនួន ១៨៣០ ដុល្លារ​អា​មេ​រិ​ក​។

ព្រះ​ចៅអធិការ​វត្តមាន​សង្ឃដីកា​បន្ត​ថា ដំបូង​ព្រះ​ចៅអធិការ​វត្ត​និមន្ត​ទៅ​សាលាឆាន់ ព្រះ​អង្គ​បានឃើញជន​សង្ស័យ​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក​ Click ពណ៌​ស ទៅ​ឈប់​មុខ​កុដិដោយ​ពាក់អាវ​ភ្លៀង និង​ពាក់មួក​សុវត្ថិភាព ពណ៌​ខ្មៅ តែ​មិន​បាន​មើលឃើញ​ស្លាក​លេខ​ម៉ូតូ​នោះ​ទេ។

ពេលនោះ​ព្រះ​អង្គ​ក៏​ស្មាន​តែ​ជន​រូប​នេះ​ឈប់​ជ្រក​ភ្លៀង​តែ​ប៉ុណ្ណោះ​។​ខណៈនោះ​ព្រះសង្ឃ​ក្នុង​វត្ត​បាន​និមន្ត​ទៅ​សាលាឆាន់ ដើម្បី​ឆាន់ចង្ហាន់​ថ្ងៃត្រង់​អស់​ទៅ ។ លុះ​ក្នុង​ថេរៈវេលា​ប្រហែលជា​១​ម៉ោងទើប​ព្រះ​អង្គ​និមន្ត​មក​វិញ ក៏​ត្រូវ​ចោរ​កាត់​សោ​ទ្វារ​ចូល​ក្នុង​បន្ទប់ រួច​លួច​យក​លុយ​អស់​តែ​ម្តងទើប​មានការ​ភ្ញាក់ផ្អើល​ពេញ​វត្ត។

ភ្លាម​ៗ​នោះ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ទៅ​ដល់និង​បាន​ធ្វើ​កំណត់ហេតុ ដើម្បី​កំណត់​មុខសញ្ញា​ធ្វើការ​ស្រាវជ្រាវ និង​ស៊ើបអង្កេត ដើម្បី​ស្វែងរក​ជនសង្ស័យមកផ្តន្ទាទោស៕

adverise with khmeread