តារាហុងកុង Christy Chung ប្រាប់គន្លឹះរក្សាសម្រស់ឱ្យមើលទៅក្មេងជាងវ័យ នៅអាយុ៥០ឆ្នាំ

នាង Christy Chung Lai-tai មើលទៅក្មេងជាងអាយុ ៥០ ឆ្នាំរបស់នាងទៅទៀត។ តារាសម្តែងហុងកុងជើងចាស់រូបនេះនៅតែទទួលបានការគាំទ្រពីសំណាក់បុរសៗជាច្រើន ដោយសារតែរាងស្រឡូននិងសម្រស់ក្មេងជាងវ័យរបស់នាង និងសម្រាប់ការបង្ហាញខ្លួនរបស់នាងនាពេលថ្មីៗនេះនៅក្នុងកម្មវិធីកម្សាន្តមួយលើកញ្ចក់ទូរទស្សន៍ចិន។

កម្មវិធីដែលមានឈ្មោះថា Older Sisters Who Brave the Winds and Waves ដាក់ស្ត្រី 30 នាក់ ដែលមានអាយុលើសពី 30​ ឆ្នាំឡើងប្រជែងសម្រស់គ្នា ខណៈពួកគេប្រជែងយកកៅអីមួយនៅក្នុងក្រុមចម្រៀងប៉ុបមួយ។ ទោះបីជានាង Chung ត្រូវជ្រុះចេញពីការប្រកួតក្តី ក៏ប៉ុន្តែក្បាច់រាំល្វតល្វន់របស់នាងនិងសម្លៀកបំពាក់រឹបរាងរបស់នាងបានបង្ហាញថា អាយុគ្រាន់តែជាតួលេខប៉ុណ្ណោះ។

នាងប្រាប់កាសែត South China Morning Post ថាអាថ៌កំបាំងនៃភាពជោគជ័យរបស់នាងគឺការរក្សាឱ្យបាននូវរបបអាហារដែលមានសុខភាពល្អ គេងលក់ស្កប់ស្កល់ មិនផឹកស្រាបៀរ និង គិតបែបយុវវ័យក្នុងចិត្តជានិច្ច។

នាងបន្តថា “ខ្ញុំបានឈ្នះបវរកញ្ញាចិនអន្តរជាតិ (រៀបចំដោយស្ថានីយទូរទស្សន៍ហុងកុង TVB) នៅអាយុ ២២ ឆ្នាំ។ កាលណោះខ្ញុំស្ថិតនៅវ័យស្អាតបំផុតរបស់ខ្ញុំ។ ដូច្នេះស្ថានភាពចិត្តសាស្ត្ររបស់ខ្ញុំគឺនៅតែគិតបែបយុវវ័យក្នុងចិត្តជានិច្ច ដូចដែលខ្ញុំកាលនៅអាយុ ២២ ឆ្នាំអ៊ីចឹង”។

នាងនិយាយថា នាងរក្សារាងស្អាតបានដូច្នេះគឺដោយសារមិនទទួលទានអាហារសម្រន់ រក្សារបបអាហារដែលមានជាតិស្ករតិច ញ៉ាំអាហារសម្បូរប្រូតេអ៊ីន និងញ៉ាំបន្លែបៃតងឱ្យច្រើន។ នាងនិយាយថា "នៅផ្ទះបាយរបស់ខ្ញុំ ខ្ញុំបានជំនួសស្ករសជាមួយនឹងទឹកឃ្មុំនិងស្ករដូង។ ដោយសារខ្ញុំញ៉ាំបន្លែភាគច្រើននិងមានស្ករទាប ខ្ញុំញ៉ាំម្សៅប្រូតេអ៊ីនច្រើនដើម្បីបង្គ្រប់កង្វះសាច់"៕ 

adverise with khmeread