បាតុករថៃផ្គើនរបបរាជានិយម ដោយបោះស្លាកសញ្ញាមួយសរសេរថា "ប្រទេសថៃជាកម្មសិទ្ធិរបស់ប្រជាជន"

ក្រុមបាតុករប្រឆាំងរដ្ឋាភិបាលបានដំឡើងបន្ទះស្លាកសញ្ញាមួយប្រកាសថា ប្រទេសថៃ "ជាកម្មសិទ្ធិរបស់ប្រជាជន" ក្នុងការបង្ហាញការប្រឆាំងនឹងរបបរាជានិយម។

បន្ទះស្លាកសញ្ញានេះត្រូវបានគេដាក់នៅក្បែរវិមានក្រុងបាងកក ក្នុងសកម្មភាពប្រឆាំងចុងក្រោយបំផុតជាមួយព្រះមហាក្សត្រថៃ មហា វិជ្ជរ៉ាឡុងកន។

បាតុកម្មដឹកនាំដោយក្រុមនិស្សិតដែលអំពាវនាវឱ្យមានការកែទម្រង់របបរាជានិយម និងប្រព័ន្ធនយោបាយរបស់ប្រទេសនេះ បានបន្តកើតមានចាប់តាំងពីខែកក្កដា។

ការធ្វើបាតុកម្មកាលពីចុងសប្តាហ៍មុន គឺជាព្រឹត្តិការណ៍ធំបំផុតក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ខណៈអាជ្ញាធររាប់ពាន់នាក់បានប្រឆាំងដើម្បីទាមទារឱ្យមានការផ្លាស់ប្តូរ។

អាជ្ញាធរនិយាយថា មនុស្ស ១៨.០០០នាក់បានចូលរួមបាតុកម្មកាលពីថ្ងៃសៅរ៍ ទោះបីជាតួលេខផ្សេងទៀតមានខ្ពស់ជាងនេះក៏ដោយ។ មនុស្សជាច្រើនបានបន្តធ្វើការតវ៉ារហូតដល់ថ្ងៃអាទិត្យ មុនពេលពួកគេបានបំបែកគ្នា។

ការអំពាវនាវរបស់ពួកគេសុំឱ្យមានការកែទម្រង់រាជវង្សគឺមានលក្ខណៈរសើបជាពិសេសនៅក្នុងប្រទេសថៃ កន្លែងដែលការរិះគន់ទៅលើរបបរាជានិយមត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេលយូរ។

ក្រុមអ្នកតវ៉ាក៏ទាមទារឱ្យលោក ប្រាយុទ្ធ ចាន់អូចា លាលែងពីតំណែងផងដែរ ដែលនាយករដ្ឋមន្រ្តីថៃរូបនេះបានកាន់អំណាចនៅក្នុងរដ្ឋប្រហារឆ្នាំ២០១៤ និងបានឈ្នះការបោះឆ្នោតដែលមានជម្លោះកាលពីឆ្នាំមុន៕ ប្រភព៖ BBC

adverise with khmeread

អ្នកនឹងចូលចិត្ត