បុរសម្នាក់ផឹកស្រាស្រវឹងរហូតដល់ដើរដួល ហើយត្រូវឆ្កែខាំរបួស៥កន្លែងរហូតដល់ស្លាប់

កណ្តាល ៖ បុរសម្នាក់ជាមនុស្សញៀនស្រា បានផឹកស្រាស្រវឹងរហូតដល់ដើរដួល ហើយត្រូវឆ្កែខាំរបួស៥កន្លែង នាថ្ងៃ សៅរ៍ទី ១៩ ខែ កញ្ញា ឆ្នាំ២០២០ វេលាម៉ោង៥និង៤៥នាទីល្ងាចនៅចំណុចផ្ទះជនរងគ្រោះ ក្នុងភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ក្រោយមកបានស្លាប់កាលពីល្ងាចថ្ងៃទី១៩កញ្ញាឆ្នាំ២០២០។

ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះ ឯម វី ភេទប្រុស អាយុ៣៥ឆ្នាំជនជាតិខ្មែរ មានទីលំនៅភូមិ ទួលឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល មុខរបរកសិករជាមនុស្សកំព្រាគ្មានឪពុកម្តាយ និងប្រពន្ធកូនទេ។

ប៉ូលិសបន្តថា នៅថ្ងៃទី ១៧ ខែ កញ្ញា ឆ្នាំ២០២០ វេលាម៉ោង៧ និង៣០នាទីយប់ជនរងគ្រោះ បានមកអង្គុយនៅលើគ្រែផឹកស្រាថ្នាំនៅផ្ទះអ្នកលក់ចាប់ហួយ នៅភូមិឃុំជាមួយគ្នា ហើយមានអាការៈស្រវឹងស្រារួចបានចុះពីលើគ្រែមកបានដួលនៅលើដី។ ពេលនោះត្រូវបានអ្នកជិតខាងបានជួយលើក ជនរងគ្រោះឈរវិញស្រាប់តែមានឆ្កែ ០១ក្បាល (ឆ្កែឈ្មោល) ពណ៌ខ្មៅបានខាំជនរងគ្រោះ ចំគន្លាក់ភ្លៅជើងខាងស្តាំ ចំនួន ០៥ កន្លែង។

លុះព្រឹកថ្ងៃទី ១៨ ខែ កញ្ញា ឆ្នាំ ២០២០ វេលាម៉ោង ៨ព្រឹក ឈ្មោះ ហ៊ុយ ឪ ភេទស្រី អាយុ ៥៤ឆ្នាំ (ខ្មែរ) មុខរបរកសិករ មានទីលំនៅភូមិ ឃុំ ជាមួយគ្នា (ជាម្ចាស់ឆ្កែ) បានជូនជនរងគ្រោះ យកទៅជួបពេទ្យនៅផ្ទះ នៅក្នុងភូមិ ភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល បំណងចាក់ថ្នាំ តែពេលទៅដល់បានជួបពេទ្យហើយតែមិនបានចាក់ថ្នាំទេ ដោយសារជនរងគ្រោះបានផឹកស្រាកាលពីយប់ថ្ងៃកើតហេតុ។

រហូតដល់ថ្ងៃទី ១៩ ខែ កញ្ញា ឆ្នាំ ២០២០ វេលាម៉ោង៤ល្ងាច ឈ្មោះ ហ៊ុយ ឪ ភេទស្រី (ម្ចាស់ឆ្កែ) បានជូនជនរងគ្រោះ ទៅពេទ្យដើម្បីចាក់ថ្នាំរួចក៏បានចាក់ថ្នាំទៅដោយពេទ្យអ្នកចាក់ថ្នាំ ឈ្មោះ ហៀក សុបិន្ត (ហៅស្រី) ភេទស្រី អាយុ ៥១ ឆ្នាំ (ខ្មែរ) មានទីលំនៅ ភូមិ ភូមិធំ ឃុំ ភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ដោយចាក់ថ្នាំចំនួន ០១ ម្ជុលរួចក៏បានជូនជនរងគ្រោះត្រឡប់មកផ្ទះវិញ។

ពេលមកដល់ផ្ទះជនរងគ្រោះបានអង្គុយនិយាយលេងជាមួយបងប្អូនធម្មតា រួចក៏បានដេកនៅលើគ្រែក្រោមផ្ទះទៅ លុះម៉ោង៥ និង៤៥នាទីល្ងាចថ្ងៃខែដដែល ឈ្មោះ ឯម ដេត ភេទប្រុស អាយុ ២៦ ឆ្នាំ (ខ្មែរ) ត្រូវជាប្អូនបង្កើតបានមកដាស់ជនរងគ្រោះ តែជនរងគ្រោះមិនមានចលនាទើបដឹងថាស្លាប់បាត់ហើយ រួចបានរាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលគគីរ។

ក្រោយទទួលបានព័ត៌មានកម្លាំងប៉ូលិសប៉ុស្តិ៍សហការជាមួយកម្លាំងប៉ូលិសជំនាញស្រុក បានចុះមកដល់កន្លែងកើតហេតុ ធ្វើការសាកសួរម្ចាស់ឆ្កែ និងក្រុមគ្រួសារជនរងគ្រោះ។ ក្រោយពីការសាកសួររួច ក្រុមគ្រួសារជនរងគ្រោះ (សពគ្មានឪពុកម្តាយ និងប្រពន្ធកូនទេ) ហើយបានសំណូមពរសុំសពជនរងគ្រោះធ្វើបុណ្យតាមប្រពៃណី។

សពតម្កល់ទុកនៅផ្ទះឈ្មោះ ស្វាយ សុខា ភេទស្រី អាយុ៤៩ឆ្នាំ (ខ្មែរ) ទីលំនៅភូមិ ឃុំកើតហេតុ (ត្រូវជាបងបង្កើត) ការពារដោយកម្លាំងសមត្ថកិច្ច រង់ចាំជំនាញខេត្ត និងពេទ្យខេត្ត ចុះមកពិនិត្យ។ លុះដល់ថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ១០ និង២០ នាទី ជំនាញខេត្តគ្រូពេទ្យខេត្ត ជំនាញប៉ូលិសស្រុក កម្លាំងប៉ូលិសប៉ុស្តិ៍គគីរ គ្រូពេទ្យស្រុក និងអាជ្ញាធរភូមិឃុំ ចុះពិនិត្យម្តងទៀត។

តាមការពិនិត្យរបស់ជំនាញ សពជនរងគ្រោះមានស្នាមមុតឆ្កែខាំចំនួន ០៥កន្លែង លើដើមភ្លៅខាងឆ្វេងចំនួន០៣កន្លែង និងចុងភ្លៅខាងស្តាំចំនួន០២កន្លែង។ តាមការសន្និដ្ឋានរបស់គ្រូពេទ្យថា «សពស្លាប់ដោយសារខ្វះជាតិស្ករ (អ្នកស្លាប់ជាមនុស្សញៀនស្រានឹងប្រមឹក) »៕


 

adverise with khmeread