ឡានធំបើកបត់ស្តាំមិនប្រយ័ត្នបុកម៉ូតូស្លាប់ម្នាក់និងរបួសបាក់ជើងម្នាក់នៅស្តុបព្រែកហូ

កណ្តាល ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក រថយន្តជាមួយម៉ូតូបណ្ដាលឱ្យបុរសម្នាក់ស្លាប់និងស្ត្រីម្នាក់ របួសបាក់ជើងខាងឆ្វេង កើតឡើងនាថ្ងៃអាទិត្យទី២០ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង១២ និង១០នាទី នៅចំណុចភ្លើងស្តុបព្រែកហូ លើផ្លូវជាតិលេខ២កែងផ្លូវ១១៥ ស្ថិតនៅភូមិតាក្តុលត្បូង សង្កាត់តាក្ដុល ក្រុងតាខ្មៅ ខេត្តកណ្ដាល។

សមត្ថកិច្ចនិយាយថា ដំបូងមានរថយន្តមួយគ្រឿងម៉ាក HINO ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 3A-4901 អ្នកបើករថយន្តឈ្មោះ អឿន សំអុល ភេទប្រុស អាយុ៣៧ ឆ្នាំ (ឃាត់ខ្លួន) មានទីលំនៅ ភូមិតារាជ ឃុំត្នោត ស្រុកកញ្រ្ជៀច ខេត្តព្រៃវែង រថយន្តបើកក្នុងទិសដៅពីជើងទៅត្បូង។

លុះដល់ចំណុចខាងលើក៏បត់ស្ដាំបានបុកជាមួយម៉ូតូមួយគ្រឿងម៉ាក HONDA CUB ពណ៌ទឹកប៊ិច គ្មានផ្លាកលេខ (មិនពាក់មួកសុវត្ថិភាព និងគ្មានកញ្ចក់មើលក្រោយ) អ្នកបើកម៉ូតូឈ្មោះ វ៉ាន់ មុន្នី ភេទប្រុស អាយុ៣៥ ឆ្នាំ មានទីលំនៅភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល (ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ) និងអ្នករួមដំណើរពីក្រោយឈ្មោះ សុខ ឧស្សា ភេទស្រី អាយុ ២៣ឆ្នាំ មានទីលំនៅភូមិ សង្កាត់ខាងលើ រងរបួសបាក់ជើងខាងឆ្វេងត្រូវបានរថយន្តសង្រ្គោះរបស់ស្នងការដ្ឋានខេត្តកណ្ដាលដឹកយកទៅ សង្រ្គោះនៅមន្ទីរពេទ្យជ័យជំនះ ដែលម៉ូតូនេះបើកក្នុងទិសដៅពីជើងទៅត្បូង (ស្របទិសគ្នា)។

ចំពោះមធ្យោបាយដែលពាក់ព័ន្ធត្រូវបានសមត្ថកិច្ចយកមករក្សាទុក​បណ្ដោះ​អាសន្ន​នៅអធិការដ្ឋាន​ដើម្បី​ចាត់ការ​តាមនិតិវិធី។ មូលហេតុមកពីអ្នកបើករថយន្តបើកបត់ស្ដាំខ្វះការប្រុងប្រយ័ត្ន៕

adverise with khmeread