Miralem Pjanic: វាគឺជារឿងចម្លែក ប្រសិនបើ Lionel Messi ពាក់អាវក្រុមផ្សេង

        ខណៈពេលដែល​ខ្លួន​ត្រូវ​បាន​ប្រកាសជាកីឡាករ​ថ្មីរបស់​កីឡាករ Barcelona ជាផ្លូវការនោះ កីឡាករចំណូលថ្មី Miralem Pjanic អះអាងថា វាគឺជារឿង​ចម្លែក​ ប្រសិនបើ​ឃើញ​កីឡាករ Lionel Messi ប្រើឈុតរបស់​ក្រុមផ្សេងទៀតនៅរដូវកាល​នេះ ។

        Miralem ជាផ្នែកនៃកិច្ចព្រមព្រៀងដោះដូរ​ ដែលក្នុងនោះកីឡាករ Arthur បានចូលរួម​ជាមួយក្រុម Juventus ជាក្រុមចាស់របស់ខ្លួន​នោះ ត្រូវ​បានពន្យារពេលបង្ហាញមុខនៅអេស្ប៉ាញ បន្ទាប់ពីធ្វើតេស្តវិជ្ជមានវីរុសកូរ៉ូណាកាលពីខែសីហា។

        ខ្សែបម្រើរូបនេះនឹង​ពាក់អាវលេខ​៨​ ដែលធ្លាប់ពាក់ដោយអតីតវីរបុស​ Andreas Iniesta ។ កីឡាករ​វ័យ​៣០​ឆ្នាំ​រូបនេះបាន​និយាយអំពីតម្លៃ​ក្នុងការ​ចុះកិច្ច​ព្រមព្រៀងផ្ទេរមកចូលរួម​ក្រុម Barcelona និងពីសារៈសំខាន់របស់​ Messi នៅពហុកីឡាដ្ឋាន Nou Camp ។

        Messi បានស្នើសុំចាកចេញនៅរដូវក្តៅនេះ ប៉ុន្តែក្លឹបនេះអះអាងថា លក្ខខណ្ឌទិញផ្តាច់​៦២៩​លានផោន​របស់កីឡាកររូបនេះនៅមានសុពលភាពនៅឡើយ។ ប៉ុន្តែ​កីឡាករចំណូល​ថ្មី Miralem បានអះអាងថា ខ្លួន​មិន​ជឿថា Messi នឹងពាក់ឈុតថ្មីរបស់​ក្រុមផ្សេងនោះទេ ។

        ខ្សែបម្រើ​រូបនេះបាន​និយាយថា “​Messi មាន​ផ្ទះនៅទីនេះ ហើយខ្ញុំអាចស្រម៉ៃថា គាត់នឹងនៅទីនេះ។ វាប្រាកដជារឿងចម្លែក ប្រសិនបើ​ឃើញ​គាត់ពាក់អាវក្រុមផ្សេងនោះ។ គាត់គឺជា​កីឡាករឆ្នើមមិនធ្លាប់ជួប ហើយគាត់សំខាន់ខ្លាំងណាស់នៅក្នុងក្រុមរបស់យើង”៕

adverise with khmeread