ឃាត់ខ្លួនឪពុកវាយកូនស្រីដូចបាវសាក់បោចសក់ក្បាលអូសរហូតដល់សន្លប់ចាត់ការតាមច្បាប់

ស្វាយរៀង ៖ បុរសជាឪពុកបានប្រើហិង្សាវាយដូចបាវសាក់ទៅលើកូនស្រីដូចសត្វតិរច្ឆាន នៅខេត្តស្វាយរៀង ត្រូវបានសមត្ថកិច្ចបានឃាត់ខ្លួនដើម្បីចាត់ការតាមនីតិវិធី នៅថ្ងៃទី២១ កញ្ញា ឆ្នាំ២០២០នេះ។

សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យឈ្មោះ ចាន់​ ចំរើន​ ភេទប្រុស អាយុ៤២ឆ្នាំ​ មុខរបរលក់ទឹកអំពៅ​ មានទីលំនៅភូមិថ្មី​ សង្កាត់ច្រកម្ទេស​ ក្រុងបាវិត​ ខេត្តស្វាយរៀង ត្រូវបានប៉ូលិសព្រហ្មទណ្ឌខេត្តស្វាយរៀង ឃាត់ខ្លួននៅថ្ងៃទី២១ កញ្ញា​ ឆ្នាំ២០២០នេះ ពីបទហិង្សាដោយចេតនា។

សមត្ថកិច្ចបន្តថា ដើមចមដំបូងដែលឈានដល់ឃាត់ខ្លួនយោងតាមផេកហ្វេសប៊ុកឈ្មោះ «Bee Nang Sad» បានរៀបរាប់ថា «ខ្ញុំសូមឱ្យខាងច្បាប់ជួយរកយុត្តិធម៌ឱ្យប្អូនស្រីខ្ញុំផងចុះ។ ព្រោះឪពុកក្មេងស្រីនេះ បានបង្កបញ្ហាដល់គ្រួសារជាច្រើនលើកច្រើនសារ។ មកពីផឹកស៊ីម្តងៗតែងរករឿងប្រពន្ធវាយធ្វើបាបប្រពន្ធរួមទាំងកូនរហូតប្រពន្ធទ្រាំរស់នៅជាមួយលែងបានសម្រេចចិត្តចាកចេញពីគ្រួសារមួយរយៈ។ ឥឡូវនេះធ្វើបាបប្អូនស្រីខ្ញុំទៀតហើយ តែខ្ញុំជួយអ្វីមិនបានព្រោះខ្ញុំជាស្រីមិនហ៊ានទេ បានត្រឹមលួចថតទុកជាភស្តុ តាង ជូនដល់លោកអ្នកខាងច្បាប់ជួយដោះស្រាយប៉ុណ្ណោះ។ តើអំពើគាត់នេះសមជាឪពុកគេទេ បងប្អូនជួយមើលហើយគិតតាមការគួរផង»។

បន្ទាប់ពីទទួលបានព័ត៌មាននេះ លោកឧត្តមសេនីយ៍ ស្នងការប៉ូលិសខេត្តស្វាយរៀង បានបញ្ជាឱ្យកម្លាំងប៉ូលិសជំនាញធ្វើអន្តរាគមន៍ជាបន្ទាន់ចុះដល់កន្លែងកើតហេតុនាថ្ងៃទី២០ ខែកញ្ញា ​ឆ្នាំ២០២០ វេលាម៉ោង១០យប់។ 

លោកវរសេនីយ៍ អែម សុវណ្ណារិទ្ធ អធិការប៉ូលិសក្រុងបាវិត បានឱ្យដឹងថា ករណីនេះកើតឡើងនៅក្រុងបាវិត ខេត្តស្វាយរៀង កាលពីសប្តាហ៍មុនដែលពេលនេះ ហើយកម្លាំងប៉ូលិសប៉ុស្តិ៍ច្រកម្ទេស បាននិងកំពុងធ្វើការសួរនាំ និងកសាងសំណុំរឿងដើម្បីចាត់ការតាមនីតិវិធី។

លោកអធិការបន្តថា លោកបានឱ្យលោកនាយប៉ូលិសប៉ុស្តិ៍ច្រកម្ទេស ចុះទៅដល់ផ្ទះរបស់គាត់កាលពីថ្ងៃទី២០ ខែកញ្ញា ​ឆ្នាំ២០២០ វេលាម៉ោង២២យប់ ដោយជនបង្កធ្លាប់ហៅមកធ្វើកិច្ចសន្យានៅប៉ុស្តិ៍រដ្ឋបាលច្រកម្ទេសម្ដងរួចហើយ។ ពេលនេះកម្លាំងប៉ូលិសប៉ុស្តិ៍ច្រកម្ទេសបានធ្វើការសួរនាំ និងបញ្ជូនទៅខាងព្រហ្មទណ្ឌកសាងសំណុំរឿងដើម្បីចាត់ការតាមនីតិវិធី។

តាមការឱ្យដឹងពីលោកឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការប៉ូលិសខេត្តស្វាយរៀង បានបញ្ជាក់ថា ជនសង្ស័យប្រព្រឹត្តអំពីហិង្សាលើកូនស្រីនោះត្រូវបានចាប់ខ្លួនបានហើយ និងកំពុងកសាងសំណុំរឿងតាមផ្លូវច្បាប់៕


 

adverise with khmeread