អត្តពលិកកីឡាទ្រីយ៉ាថ្លុងអេស្ប៉ាញរត់ទៅដល់ខ្សែផ្តាច់ព្រ័ត្រទៅហើយមិនព្រមរំលង ទុកឱ្យកីឡាករអង់គ្លេសវ៉ាឈ្នះខ្លួនវិញ ដោយសារតែរឿងមួយ

អត្តពលិកកីឡាទ្រីយ៉ាថ្លុងសញ្ជាតិអេស្ប៉ាញមួយរូប ដែលបានបញ្ឈប់ជំហានរបស់ខ្លួននៅមុខខ្សែបន្ទាត់ផ្តាច់ព្រ័ត្រដើម្បីឱ្យគូប្រជែងរបស់គាត់ដណ្តើមបានមេដាយសំរឹទ្ធិ ត្រូវបានគេកោតសរសើរយ៉ាងខ្លាំងចំពោះភាពជាអ្នកកីឡារបស់គាត់។

លោក​ Diego Méntrida កំពុងតាមពីក្រោយអត្តពលិកជនជាតិអង់គ្លេសលោក James Teagle នៅវគ្គផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍កីឡា Santander Triathlon ឆ្នាំ២០២០ នៅទីក្រុងបាសេឡូណាប្រទេសអេស្ប៉ាញ។ ប៉ុន្តែលោក Teagle ច្រឡំទិសដៅនៃខ្សែផ្លូវប្រកួត ដែលអនុញ្ញាតឱ្យលោក Méntrida វ៉ាដាច់គាត់តែប៉ុន្មានម៉ែត្រពីបន្ទាត់បញ្ចប់។

នៅក្នុងវីដេអូបង្ហាញថា Teagle បានភ័ន្តភាំងហើយរត់ចូលទៅបំបុករបង នៅតំបន់អ្នកទស្សនា ពោលនៅចម្ងាយតិចជាង១០០ម៉ែត្រពីខ្សែផ្តាច់ព្រ័ត្រ។ គាត់ក៏បានលើកដៃក្នុងការបង្ហាញភាពហួសចិត្តផងដែរ ខណៈដែលលោក Méntrida បានវ៉ាដាច់គាត់។

ប៉ុន្តែលោក Méntrida បានក្រឡេកមើលទៅក្រោយខណៈដែលគាត់ទៅកៀកខ្សែបញ្ចប់ ហើយបានសម្គាល់ឃើញការថ្លោះធ្លាយរបស់លោក Teagle។

គាត់បានឈប់នៅមុខបន្ទាត់ផ្តាច់ព្រ័ត្រហើយអត្តពលិកទាំងពីរបានចាប់ដៃគ្នានៅពេលដែលលោក Méntrida អនុញ្ញាតឱ្យលោក Teagle រត់ទៅមុនខ្លួន។

ក្រោយមកលោក Méntrida បាននិយាយថា "គាត់សមនឹងបានទទួលវា"។

គាត់បានសរសេរនៅលើបណ្តាញសង្គម Instagram ថា "នេះគឺជាអ្វីដែលឪពុកម្តាយ និងក្លឹបកីឡារបស់ខ្ញុំបានបង្រៀនខ្ញុំតាំងពីខ្ញុំនៅក្មេង។ តាមទស្សនៈរបស់ខ្ញុំវាជារឿងធម្មតាដែលត្រូវធ្វើ"។

លោក​ Teagle បានចែកចាយរូបភាពមួយសន្លឹកនៃទិដ្ឋភាពរបស់គាត់កំពុងចាប់ដៃគ្នានៅឯបន្ទាត់ផ្តាច់ព្រ័ត្រកាលពីថ្ងៃអាទិត្យ ដោយសរសេរនៅលើបណ្តាញសង្គម Instagram ហើយបានសរសេរថា "នៅចំណុចនោះ Diego Méntrida នៅត្រឹម ៥០ម៉ែត្រពីបន្ទាប់ផ្តាច់ព្រ័ត្រ ហើយចុងបញ្ចប់យើងរត់ត្របាញ់ទៅខ្សែបន្ទាត់។ ខ្ញុំបំបុកចូលទៅរបង ហើយបានគិតថាវាចប់សព្វគ្រប់ហើយ"។

គាត់បានបន្ថែមថា លោក Méntrida បន្ទាប់មក "បានធ្វើរឿងដែលមិនអាចរំពឹងទុក។ ដោយបានឃើញអ្វីដែលបានកើតឡើង គាត់បានឈប់ហើយអនុញ្ញាតឱ្យខ្ញុំរត់ទៅមុនបង្ហាញពីរឿងស្ទើរមិនគួរឱ្យជឿនៃភាពជាអ្នកកីឡា និងភាពស្មោះត្រង់! គំនិតអប់រំនៃដំណាលរឿងនេះគឺថា ភាពជាអ្នកកីឡាត្រូវបានចាត់ទុកជាលក្ខណៈសម្បត្តិពិសេសបំផុត"៕


 
adverise with khmeread