ស្ត្រីជប៉ុនក្លាយជាមនុស្សអាយុវែងបំផុតលើលោក ក្រោយឈានចូលវ័យ ១១៧ឆ្នាំនិង២៦១ថ្ងៃ

លោកយាយជនជាតិជប៉ុនឈ្មោះ Kane Tanaka ដែលទទួលស្គាល់ដោយកំណត់ត្រាពិភពលោកហ្គីណេសជាមនុស្សដែលមានអាយុវែងជាងគេនៅលើពិភពលោក បានឈានដល់អាយុ ១១៧ ឆ្នាំនិង ២៦១ ថ្ងៃកាលពីថ្ងៃសៅរ៍ទី១៩កញ្ញាដើម្បីក្លាយជាមនុស្សចាស់ជាងគេរបស់ប្រទេសដែលនៅរស់រហូតមកដល់បច្ចុប្បន្ន។

យោងតាមក្រសួងសុខុមាលភាពបានឱ្យដឹងថា ស្ត្រីមកពីទីក្រុង Fukuoka ស្ថិតនៅភាគពាយព្យនៃប្រទេសជប៉ុន មានអាយុលើសលោកយាយ Nabi Tajima ដែលជាអ្នកស្រុក Kikai ក្នុងខេត្ត Kagoshima នៅភាគនិរតីនៃប្រទេសជប៉ុនហើយបានស្លាប់នៅឆ្នាំ ២០១៨ នៅពេលលោកយាយមានអាយុ ១១៧ ឆ្នាំនិង ២៦០ ថ្ងៃ។ 

លោកយាយ Tanaka កើតនៅអតីតភូមិ Wajiro ដែលសព្វថ្ងៃជាផ្នែកមួយនៃទីក្រុង Fukuoka នៅថ្ងៃទី ២ ខែមករាឆ្នាំ ១៩០៣។ លោកយាយជាអ្នកគាំទ្រដ៏ធំនៃសូដានិងសូកូឡា ហើយឥឡូវរស់នៅមណ្ឌលថែទាំមនុស្សចាស់មួយនៅក្នុងទីក្រុង។

កាលពីថ្ងៃសៅរ៍កន្លងទៅនេះ ទីក្រុង Fukuoka បានផ្ញើអំណោយអនុស្សាវរីយ៍ទៅលោកយាយ Tanaka និងវិញ្ញាបនប័ត្រអបអរសាទរពីអភិបាលក្រុងលោក Hiroshi Ogawa តាមរយៈបុគ្គលិកនៃមណ្ឌលថែទាំរបស់លោកយាយ៕ ប្រភព ៖ Nippon 

adverise with khmeread