អ្នកលេងបណ្តាញសង្គមចិនភ្នែកមៀមប្រទះឃើញឃ្លីបរឿងហូលីវូដនៅក្នុងវីដេអូសម្ញែងអំណាចកងទ័ពអាកាសចិន

វីដេអូដ៏ច្បាស់ត្រជាក់ភ្នែកមួយរបស់កងទ័ពអាកាសចិនបានល្បីពេញបណ្តាញសង្គម បន្ទាប់ពីអ្នកលេងបណ្តាញសង្គមបានចោទជាសំណួរថាតើហេតុអ្វីបានជាមហាអំណាចយោធាទីពីរលើលោកមួយនេះ បានលួចច្បិចវីដេអូចេញពីខ្សែភាពយន្ត Transformers និង The Rock ដ៏ល្បីរបស់ហូលីវូដចូលទៅក្នុងការឃោសនាសព្វាវុធយោធារបស់ខ្លួន។

វីដេអូដែលមានអ្នកចូលមើលចំនួន ៤,២លានដងនៅលើបណ្តាញសង្គមចិន Weibo និងត្រូវបានកែកុនផលិតដោយមជ្ឈមណ្ឌលឃោសនា និងវប្បធម៌នៃកងទ័ពអាកាសចិនមួយនេះ បានបង្ហាញពីទិដ្ឋភាពនៃការដង្ហែក្បួនយន្តហោះចម្បាំងដឹកគ្រាប់បែកធន់មធ្យម និងគ្រាប់បាញ់ចម្ងាយឆ្ងាយ Xian H-6។

ជាមួយនឹងការហោះហើរឡើងក្នុងរយៈកម្ពស់ខ្ពស់កប់ វីដេអូអួតសម្ញែងពីឥទ្ធិពលយោធាមួយនេះបានបង្ហាញពីទិដ្ឋភាពពីឡុតយន្តហោះចម្បាំងចិនកំពុងបើកការបាញ់ប្រហារទៅលើមូលដ្ឋានកោះមួយ ដែលមានភាពស្រដៀងទៅនឹងមូលដ្ឋានទ័ពអាមេរិកនៅលើកោះ Diego Garcia និងកោះ Guam ដោយបន្ទាប់មកបានត្រឡប់មកវិញដោយជោគជ័យ។

ប៉ុន្តែអ្នកលេងបណ្តាញសង្គមភ្នែកមៀមនៅក្នុងប្រទេសចិនបានសម្គាល់ឃើញយ៉ាងឆាប់រហ័សពីទិដ្ឋភាពមិនប្រក្រតីក្នុងវីដេអូមួយនេះ។

ឃ្លីបវាយប្រហារដោយមីស៊ីលដ៏សម្បើមត្រូវបានដកស្រង់ចេញពីខ្សែភាពយន្តហូលីវូដ Transformers: Revenge of the Fallen, The Rock និង Hurt Locker ហើយអ្នកលេងបណ្តាញសង្គម Weibo បានវាយប្រហារយ៉ាងចាស់ដៃចំពោះកង្វះខាតក្នុងការផលិតវីដេអូជារបស់ដើមពិតៗរបស់ខ្លួន។

ប្រទេសចិនបានជាប់ជំពាក់ជំពិនជាមួយនឹងអាមេរិកក្នុងការតស៊ូអំណាចលើវិស័យការពារជាតិ បច្ចេកវិជ្ជា ពាណិជ្ជកម្ម ជម្លោះសមុទ្រ និងស្ថានភាពហុងកុងនិងតៃវ៉ាន់។

មន្ទីរបញ្ចកោណនិយាយថា ប្រទេសចិនបានវ៉ាដាច់អាមេរិកនៅក្នុងវិស័យការពារជាតិជាច្រើន ជាការអះអាងដែលក្រុងប៉េកាំងបដិសេធយ៉ាងដាច់អហង្ការ ហើយថាចិនក៏ចង់បង្កើនចំនួនស្តុកក្បាលគ្រាប់នុយក្លេអ៊ែរទ្វេដងដែរ៕ ប្រភព ៖ channelnewsasia

 

adverise with khmeread