គ្រោះធម្មជាតិរន្ទះបាញ់ស្លាប់បុរសម្នាក់និងងាប់គោ៣ក្បាលនៅស្រុក​ទឹកឈូ

កំពត​ ៖ មាន​ករណី​គ្រោះធម្មជាតិរន្ទះបាញ់បានកើត​ឡើងត្រូវចំ​ផ្ទះ​កសិករ​មួយ ស្ថិតនៅ​ភូមិ​បុស្ស​ត្របែក ឃុំ​ត្រពាំង​ព្រីង ស្រុក​ទឹកឈូ ខេត្តកំពត បណ្តាលឱ្យ​បុរសជា​មេ​គ្រួសារស្លាប់​នៅនឹងកន្លែង​និងគោ​បី​ក្បាលរបស់​ជនរងគ្រោះ ក៏បាន​ងាប់ផងដែរ​ កាលពី​វេលា​ម៉ោង ៧ និង​៤៥​នាទីយប់​ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​២០២០ ខណៈពេល​គាត់ កំពុង​ដាក់​ស្មៅឱ្យ​គោ​ក្នុង​ក្រោលក្រោមផ្ទះ។ 

សមត្ថកិច្ចនិយាយថា បុរសរងគ្រោះឈ្មោះ ហាវ ជឿន អាយុ ៤១ ឆ្នាំ មាន​ទីលំនៅ ក្នុងភូមិ​ឃុំ កើតហេតុ​ខាងលើ​។​ ខណៈពេល​មេឃកំពុង​ធ្លាក់ភ្លៀង​ជនរងគ្រោះបាន​ចុះពីលើផ្ទះយក​ស្មៅទៅ​ដាក់ឱ្យ​គោ​ស៊ីក្នុង​ក្រោលក្រោមផ្ទះស្រាប់​តែមាន​បាតុភូតរន្ទះបាញ់ស្លាប់ជនរងគ្រោះ និងសត្វគោងាប់៣ក្បាលភ្លាមៗតែម្តង។

បន្ទាប់មកសមត្ថកិច្ចជំនាញបានចុះទៅពិនិត្យសព រួចប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

 

adverise with khmeread