ចាប់ខ្លួនបុរសម្នាក់យកដបដាក់ប្រេងសាំងមួយលីត្រគប់ចូលផ្ទះស្ត្រីបណ្តាលឱ្យឆេះ

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបានប៉ូលិសខណ្ឌដង្កោចាប់ខ្លួន បន្ទាប់ពីបានយកដបដាក់ប្រេងសាំងមួយលីត្រគប់ចូលផ្ទះស្ត្រីបណ្តាលឱ្យឆេះកើតឡើង កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង២និង៣០នាទីរសៀល ត្រង់ចំណុចផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិព្រៃវែងខាងកើត សង្កាត់ព្រៃវែង ខណ្ឌដង្កោ ហើយត្រូវបានអ្នកស្រុកនិងសមត្ថកិច្ចជួយពន្លត់ទាន់ពេល។

ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះ លក សូត្រ ភេទស្រី អាយុ៥៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមេផ្ទះ ទីលំនៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិព្រៃវែងខាងកើត សង្កាត់ព្រៃវែង ខណ្ឌដង្កោ ។ ចំណែកជនសង្ស័យឈ្មោះ ជួប ភារុំ ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិព្រៃវែងកើត សង្កាត់ព្រៃវែង ខណ្ឌដង្កោ (ជនសង្ស័យមានសារធាតុញៀន)។ សម្ភារៈខូចខាត ឆេះរោលទ្វារផ្ទះ, ឆេះរោលណ្តើរ, ឆេះទ្រនាប់ជើង។ ឯវត្ថុតាងចាប់យកដែកកេះចំនួន០២, ទ្រនាប់ជើងផ្ទាត់ពណ៌ខៀវ ចំនួន០១ចំហៀង, កំទេចដបសាំងមួយចំនួន។ 

ប៉ូលិសបន្តថា កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង២រសៀល ជនរងគ្រោះឈ្មោះ លក សូត្រ ភេទស្រី អាយុ៥៣ឆ្នាំ កំពុងតែនៅក្នុងផ្ទះគ្មានលេខ ផ្លូវបេតុង ស្ថិតនៅភូមិព្រៃវែងកើត សង្កាត់ព្រៃវែង ខណ្ឌដង្កោ ស្រាប់តែជនសង្ស័យឈ្មោះ ជួប ភារុំ ភេទប្រុស អាយុ៤០ឆ្នាំ បានគប់ដបសាំងចំនួន ០២ដបចំណុះ០១លីត្រដែលមានសាំងពេញចូលទៅក្នុងផ្ទះរបស់ជនរងគ្រោះ បណ្តាលភ្លើងឆេះទៅលើទ្វារផ្ទះនិងទ្រនាប់ជើង០១ចំហៀង។ 

ពេលនោះជនរងគ្រោះក៏បានស្រែកឆោឡោឱ្យអ្នកជិតខាងជួយពន្លត់ភ្លើងរួចក៏មានកម្លាំងសមត្ថកិច្ច និងប្រជាពលរដ្ឋមកដល់ ជួយអន្តរាគមន៍ពន្លត់ភ្លើង ហើយព័ទ្ធចាប់ឃាត់ខ្លួនបានជនសង្ស័យខាងលើ រួមជាមួយវត្ថុតាង ១-ដែកកេះចំនួន០២, ២-ទ្រនាប់ជើងផ្ទាត់ពណ៌ខៀវ ចំនួន០១ចំហៀង, ៣-កម្ទេចដបសាំងមួយចំនួន យកមកធ្វើការសាកសួរនៅប៉ុស្តិ៍រដ្ឋបាលព្រៃវែង តាមនីតិវិធីច្បាប់។

ក្រោយពីធ្វើការសាកសួរជនសង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា រូបគេ (ជនសង្ស័យ) ពិតជាបានយកដបសាំងចំនួន០២ ដែលមានសាំងពេញដុតភ្លើងរួចគប់ទៅលើផ្ទះជនរងគ្រោះប្រាកដមែន។ ហើយកាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង៨និង២១នាទីយប់រូបគេ (ជនសង្ស័យ) ក៏ធ្លាប់បានធ្វើសកម្មភាពយកដបសាំង០១ដប ដុតភ្លើង រួចគប់ចូលទៅក្នុងផ្ទះរបស់ ជនរងគ្រោះ បណ្តាលឱ្យឆេះជណ្តើរផ្ទះម្តងរួចមកហើយ តែជនរងគ្រោះពុំដឹងថា ជនសង្ស័យជាអ្នកគប់ឡើយ។

ជនសង្ស័យឈ្មោះ ជួប ភារុំ បន្តថា រហូតមកដល់ថ្ងៃកើតហេតុខាងលើ ជនសង្ស័យបានមកដុតម្តងទៀត ទើបជនរងគ្រោះដឹងថា ជនសង្ស័យជាអ្នកគប់កាលពីលើកមុនដែរ ទើបជនរងគ្រោះក៏បានដាក់ពាក្យបណ្តឹងចំឈ្មោះជនសង្ស័យដើម្បីឱ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់តែម្តង៕


 

adverise with khmeread