លួចប្រេងម៉ាស៊ូត៣កានបានសម្រេច,គេចខ្លួនមិនបានសម្រេច, ប៉ូលិសចាប់ខ្លួន៣នាក់

កណ្តាល ៖ ជនសង្ស័យ៣នាក់ត្រូវបានប៉ូលិសស្រុកកណ្តាល​ស្ទឹង​ឃាត់ខ្លួនក្នុងករណីអំពើលួច ប្រេងម៉ាស៊ូត កាលពីថ្ងៃទី២១​ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង១១និង៣០នាទីយប់នៅ​ចំណុចភូមិ​ គោកត្រប់​ ឃុំ​គោកត្រប់​ ស្រុក​កណ្តាល​ស្ទឹង​ ខេត្ត​កណ្ដាល​។ 

ប៉ូលិសនិយាយថា ជនសង្ស័យ០៣នាក់​រួមមាន ១-ឈ្មោះ​ វាសនា​ សុភារដ្ឋ ភេទប្រុស អាយុ២២ឆ្នាំ​ ជនជាតិ ខ្មែរ​ មុខរបរកម្មករសំណង់​ នៅភូមិ​ស្លែង​ ឃុំ​ត្រពាំង​វែង​ ស្រុក​កណ្តាល​ស្ទឹង​, ២- ឈ្មោះ​ រឿន​ ពិសី​ ភេទប្រុស អាយុ២៣​ឆ្នាំ​​ ជនជាតិ ខ្មែរ​ មុខរបរមិន​ពិត​ប្រាកដ​ នៅភូមិ​ថ្មី​ ឃុំ​ថ្មី​​ ស្រុក​ កណ្តាល​ស្ទឹង​និង៣-ឈ្មោះ​ រឿន​ សីហា​ ភេទប្រុស អាយុ២៣​ឆ្នាំ​​ ជនជាតិខ្មែរ​ មុខរបរមិន​ពិត​ប្រាកដ​ នៅភូមិ​ត្រពាំង​ចក​ ឃុំ​ថ្មី​​ ស្រុក​កណ្តាល​ស្ទឹង​ ខេត្តកណ្តាល។ វត្ថុតាងចាប់យកម៉ូតូ​០១គ្រឿង​ម៉ាក​ហុង​ដា​ សេ១២៥​ ស៊េរី​២០០៨​ ពណ៌​ខ្មៅ​ ពាក់ស្លាកលេខ​កំពង់​ស្ពឺ​ 1B-6126 និងប្រេងម៉ាស៊ូត​ចំនួន​០៣​កាន។

ប៉ូលិសបន្តថា នាយប់ថ្ងៃទី២១ ខែកញ្ញា​ ឆ្នាំ​២០២០ជនសង្ស័យ​ឈ្មោះ​ វាសនា​ សុភារដ្ឋ​ និង​ ឈ្មោះ​ រឿន​ ពិសី​ បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ខាង​លើ​សំដៅ​ទៅ​ផ្ទះ​របស់​ឈ្មោះ​ រឿន​ សីហា​ ស្ថិត​នៅ​ភូមិ​ត្រពាំង​ចក​ ឃុំ​ ថ្មី​ ស្រុកកណ្តាល​ស្ទឹង​ ពេល​ទៅដល់ផ្ទះ​ឈ្មោះ​រឿន​ សីហា​ ក៏បបួលគ្នាឡើងជិះម៉ូតូ​ទាំង​បី​នាក់​ដើម្បី​ដើររក​លួចប្រេង​ម៉ាស៊ូត​តាម​ការដ្ឋាន​ និង​ រណ្ដៅ​ដី។​ 

លុះជិះ​ដល់​កន្លែង​កើត​ហេតុ​ជនសង្ស័យ​ទាំង​បី​នាក់​បាន​ឃើញ​រថយន្ត​ដីយីឌុប​មួយគ្រឿង​ ពណ៌​ ក្រហម​មិន​ចាំម៉ាក​ ក៏នាំគ្នាជិះម៉ូតូ​ត្រឡប់ទៅ​កន្លែង​លក់ដូរ​ ២៤ម៉ោង​ស្ថិត​នៅ​ភូមិ​កំពង់​ទួល​ ឃុំ​អន្លង់​រមៀត​ ស្រុកកណ្តាល​ស្ទឹង​​ ដើម្បី​ខ្ចី​ទុយោ​និង​សំបកប៊ីដុង​ដាក់​ប្រេង​ចំណុះ៣០លីត្រ​ចំនួន៣​ រួចក៏គ្នា​ជិះ​ត្រឡប់​ទៅ​កន្លែង​កើតហេតុ​ធ្វើ​សកម្មភាព​បូមប្រេង​ម៉ាស៊ូត​បាន​​៣កាន​ រួចក៏នាំគ្នា​ដឹក​ប្រេង​ម៉ាស៊ូត​ដែល​លួចបានយកទៅលក់នៅកន្លែងលក់ដូរ​២៤ម៉ោង​វិញ។​ ពេលជិះដល់ចំណុច​ផ្សារ​កំពង់​កន្ទួតក៏ជួប​​ប៉ូលិស​ប៉ុស្តិ៍​​​បារគូកំពុង​ល្បាត​ ក៏ធ្វើ​ការសួរនាំចាប់ឃាត់ខ្លួ​ន​បញ្ជូន​មកកាន់​អធិការ​ដ្ឋាន​ស្រុកតែម្តង​។ 

កន្លងមក​ជនសង្ស័យ​ទាំង​០៣នាក់ធ្លាប់ធ្វើសកម្មភាពលួច​ប្រេង​ម៉ាស៊ូ​ជាច្រើនដងមកហើយ។ ករណីនេះកម្លាំងប៉ូលិសជំនាញបានចាត់ការតាមនីតិវិធី៕


 

adverise with khmeread