សមត្ថកិច្ចចម្រុះឃាត់ខ្លួនជនសង្ស័យ៧នាក់ពាក់ព័ន្ធគ្រឿងញៀនខណ្ឌជ្រោយចង្វារ

ភ្នំពេញ ៖ គណៈបញ្ជាការឯកភាពខណ្ឌជ្រោយចង្វារ ដឹកនាំដោយលោក កៅ សារ៉ាវុធ អភិបាលរងខណ្ឌ បានចុះបង្ក្រាបករណីប្រើប្រាស់គ្រឿងញៀនចំនួន២កន្លែង ក្នុងភូមិ១ និងភូមិ២ នៅសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ដោយឃាត់ខ្លួនជនសង្ស័យបាន៧នាក់ នៅវេលាម៉ោង៨ និង៣០ នាទីព្រឹក ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០។

សមត្ថកិច្ចនិយាយថា នៅទីតាំងទី១សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ២នាក់នៅក្នុងបរិវេណវត្តចាស់រួមមាន ១-ឈ្មោះ ព្រីម រុន ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរសំណង់និង២-ឈ្មោះ ជុំ វាសនា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅក្នុងវត្តចាស់ (ចេតិយ) ស្ថិតនៅភូមិ១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។

ចំណែកនៅទីតាំងទី២ ឃាត់ខ្លួនជនសង្ស័យ៥នាក់នៅ ក្រោយសួនផ្កាលីលីរួមមាន ១-ឈ្មោះ រឿន ដែន ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ, ២ ឈ្មោះ នួន សុគន្ធីយ៉ា ភេទស្រី អាយុ១៨ឆ្នាំ មុខរបររើសអេតចាយ, ៣-ឈ្មោះ ម៉ៅ សុមី ភេទប្រុស អាយុ១៨ឆ្នាំ មុខរបររើសអេតចាយ, ៤- ឈ្មោះ រៃ សេត ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ និង៥- ឈ្មោះ អេ រ៉ូសាត ភេទប្រុស អាយុ៤០ឆ្នាំ មុខរបររើសអេតចាយ។ ពួកគេស្នាក់នៅដីឡូត៍មួយកន្លែង ក្រោយសួនផ្កាលីលី ស្ថិតនៅភូមិ២ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។ វត្ថុតាងដកហូតទូរស័ព្ទ០១គ្រឿង និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង ត្រូវបានគណៈបញ្ជាការឯកភាពខណ្ឌបញ្ជូនទៅមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញចាត់ការបន្ត៕


 

adverise with khmeread