តោះមកមើលអនាគតយន្តហោះ Airbus គ្មានផ្សែង គ្រោងនឹងដាក់ឱ្យប្រើនៅឆ្នាំ២០៣៥

ក្រុមហ៊ុន Airbus បានបង្ហាញគំរូយន្តហោះពាណិជ្ជកម្មគ្មានផ្សែងចំនួន ៣ ដំបូងគេបង្អស់នៅលើពិភពលោក។

ក្រុមហ៊ុនផលិតយន្ដហោះអ៊ឺរ៉ុបមួយនេះបានអះអាងកាលពីថ្ងៃចន្ទទី២១កញ្ញាថា យន្ដហោះ ដែលប្រើចំហេះអ៊ីដ្រូសែននេះ អាចនឹងដាក់ឱ្យប្រើក្នុងឆ្នាំ ២០៣៥។

យន្តហោះ ZEROe ទាំងបីម៉ូតនេះតំណាងឱ្យវិធីសាស្រ្តបីផ្សេងគ្នាអំពីរបៀបដែលបច្ចេកវិជ្ជានិងឌីណាមិកអាកាសអាចនាំឱ្យមានការហោះហើរពាណិជ្ជកម្មបញ្ចេញកាបូនទាបបំផុត។

លោក Guillaume Faury នាយកប្រតិបត្តិក្រុមហ៊ុន Airbus បាននិយាយថា "នេះគឺជាពេលវេលាប្រវត្តិសាស្ត្រមួយសម្រាប់វិស័យអាកាសចរណ៍ពាណិជ្ជកម្មទាំងមូលហើយយើងមានបំណងដើរតួនាទីឈានមុខគេនៅក្នុងដំណើរផ្លាស់ប្តូរដ៏សំខាន់បំផុតដែលឧស្សាហកម្មនេះធ្លាប់បានឃើញ។ គំរូយន្តហោះដែលយើងបង្ហាញនៅថ្ងៃនេះផ្តល់ជូនពិភពលោកនូវការមើលឃើញនៃមហិច្ឆតារបស់យើងក្នុងការជំរុញឱ្យមានចក្ខុវិស័យដ៏មុតមាំសម្រាប់អនាគតនៃការហោះហើរដែលគ្មានការបំភាយកាបូន។ ខ្ញុំជឿជាក់យ៉ាងមុតមាំថាការប្រើប្រាស់អ៊ីដ្រូសែន ទាំងក្នុងឥន្ធនៈសំយោគនិងប្រភពថាមពលចម្បងសម្រាប់យន្តហោះពាណិជ្ជកម្ម មានសក្តានុពលក្នុងការកាត់បន្ថយផលប៉ះពាល់អាកាសធាតុរបស់វិស័យអាកាសចរណ៍"។

ក្រុមហ៊ុន Airbus បានអះអាងថា យន្តហោះម៉ូត Turbofan របស់ខ្លួនអាចដឹកអ្នកដំណើររហូតដល់ ២០០ នាក់និងហោះបានរយៈចម្ងាយជាង ៣.២២០ គីឡូម៉ែត្រ ខណៈយន្តហោះម៉ូត Turboprop អាចមានសមត្ថភាពដឹកអ្នកដំណើរបានពាក់កណ្តាលនិងហោះបានចម្ងាយតិចជាង ៥០ ភាគរយ។

ម៉ូតរចនាប្លែកបំផុតត្រូវបានគេដាក់ឈ្មោះថា "យន្ដហោះស្លាបព្រែកជាប់តួ" ពោលគឺស្លាបបញ្ចូលគ្នាជាមួយនឹងតួយន្ដហោះតែម្តង។

យន្តហោះទាំងបីនឹងត្រូវបានបំពាក់ដោយម៉ាស៊ីនទួប៊ីនហ្គាសកែច្នៃ ដែលដុតអ៊ីដ្រូសែនរាវជាឥន្ធនៈនិងតាមរយៈអាគុយចំហេះអ៊ីដ្រូសែនដើម្បីបង្កើតថាមពលអគ្គិសនី។

យោងតាមក្រុមហ៊ុន Airbus បានឱ្យដឹងថានេះនឹងបង្កើតបាន "ប្រព័ន្ធកម្លាំងរុញកូនកាត់អគ្គិសនីដែលមានប្រសិទ្ធភាពខ្ពស់បំផុត"៕ 

 

adverise with khmeread