មហាសេដ្ឋីមាត់ដាចចិន Ren Zhiqiang ជាប់គុក១៨ឆ្នាំពីបទពុករលួយ

តុលាការចិនបាននិយាយកាលពីថ្ងៃអង្គារទី២២កញ្ញាថា មហាសេដ្ឋីចិនម្នាក់ដែលបានរិះគន់ការគ្រប់គ្រងរបស់លោកប្រធានាធិបតី ស៊ី ជីនពីង ចំពោះការដោះស្រាយទៅលើការរាតត្បាតកូវីដ១៩ ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ១៨ឆ្នាំពីបទពុករលួយ។

លោក Ren Zhiqiang ដែលមហាសេដ្ឋីអចលនៈទ្រព្យចូលនិវត្តន៍មួយរូបដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយមន្ត្រីជាន់ខ្ពស់ចិនជាច្រើនរូប បានបាត់ខ្លួនកាលពីខែមីនា បន្ទាប់ពីគាត់ត្រូវបានគេចោទប្រកាន់ថាបានសរសេរអត្ថបទសើចចម្អកនៅក្នុងខែដដែលនោះរិះគន់ទៅលើការឆ្លើយតបរបស់លោក ស៊ី ចំពោះការរីករាលដាលនៃវីរុសកូរ៉ូណា។ ក្រោយមកគាត់ត្រូវបានចោទប្រកាន់ពីបទពាក់ព័ន្ធនឹងអំពើពុករលួយ។

នៅថ្ងៃអង្គារម្សិលមិញតុលាការនៅក្រុងប៉េកាំងបានរកឃើញថាលោក Ren មានទោសទៅលើបទចោទប្រកាន់ជាច្រើនរួមមានការកិបកេងប្រាក់ចំនួន ១៦,៣លានដុល្លារ (១១០,៦ លានយ័ន) ជាមូលនិធិសាធារណៈ ព្រមទទួលសំណូក និងរំលោភអំណាចដែលបណ្តាលឱ្យខាតបង់ទឹកប្រាក់សរុប ១៧,២លានដុល្លារ (១១៦,៧ លានយ័ន) សម្រាប់ក្រុមហ៊ុនអចលនទ្រព្យដែលគ្រប់គ្រងដោយរដ្ឋដែលលោកធ្លាប់ដឹកនាំ។

ចៅក្រមបានផ្តន្ទាទោសគាត់ឱ្យជាប់ពន្ធនាគាររយៈពេល ១៨ឆ្នាំ និងពិន័យជាប្រាក់ ៦២ម៉ឺនដុល្លារ (៤,២ លានយ័ន) ។ តុលាការបាននិយាយថា គាត់ "បានសារភាពដោយស្ម័គ្រចិត្តនូវបទឧក្រិដ្ឋទាំងអស់របស់គាត់" ហើយ "គាត់សុខចិត្តទទួលយកសាលក្រមរបស់តុលាការ បន្ទាប់ពីការរកប្រាក់ចំណេញខុសច្បាប់របស់គាត់ទាំងអស់ត្រូវបានរកឃើញវិញ"។

យោងតាមក្រុមអ្នកសង្កេតការណ៍ខាងច្បាប់ ប្រព័ន្ធតុលាការរបស់ប្រទេសចិនមានអត្រានៃការផ្តន្ទាទោសប្រហែល៩៩% ហើយការចោទប្រកាន់ពីបទពុករលួយត្រូវបានប្រើជាញឹកញាប់ ចំពោះមនុស្សផ្ទៃក្នុងគណបក្សកុម្មុយនីស្ត ដែលបាត់បង់ការទុកចិត្តពីថ្នាក់ដឹកនាំ។

ការរកឃើញទោសកំហុស និងការផ្តន្ទាទោសយ៉ាងធ្ងន់របស់លោក Ren ហាក់ដូចជាត្រូវបានរៀបចំឡើងដើម្បីផ្ញើសារទៅសមាជិកដទៃទៀតនៃឥស្សរជនចិនថា រាល់ការរិះគន់ឬការប្រឆាំងជាសាធារណៈទៅលើលោក ស៊ី នឹងមិនត្រូវបានអត់ឱនឡើយ ខណៈដែលទីក្រុងប៉េកាំងកំពុងបន្តដោះស្រាយជាមួយនឹងការរីករាលដាលនៃជំងឺរាតត្បាត និងប្រឈមមុខនឹងសម្ពាធអន្តរជាតិយ៉ាងខ្លាំងពីទីក្រុងវ៉ាស៊ីនតោន និងបណ្តាប្រទេសដទៃទៀត៕ ប្រភព ៖ CNN

adverise with khmeread