ក្មេងប្រុសអាយុ២ឆ្នាំកំពុងតស៊ូដើម្បីរស់ ក្រោយឆ្កែប៊ែកហ្សេ២ក្បាលខាំដាច់ប្រដាប់ភេទ ខណៈឪពុកម្តាយរវល់ទទួលភ្ញៀវថ្ងៃខួបកំណើតកូននេះនៅអ៊ុយក្រែន

ក្មេងប្រុសអាយុ ២ឆ្នាំម្នាក់កំពុងតស៊ូដើម្បីជីវិតរបស់គាត់ បន្ទាប់ពីត្រូវបានវាយប្រហារដោយឆ្កែនៅផ្ទះ ខណៈពេលដែលឪពុកម្តាយកំពុងប្រារព្ធពិធីខួបកំណើតរបស់គាត់។

ក្មេងប្រុសរងគ្រោះឈ្មោះ Little Yegor ត្រូវបានគេប្រទះឃើញដួលសន្លប់នៅក្នុងអាងទឹកមួយពោរពេញទៅដោយឈាមនៅខាងក្រៅផ្ទះរបស់គាត់ បន្ទាប់ពីត្រូវបានខាំញក់ញីដោយឆ្កែប៊ែកហ្សេយាមផ្ទះពីរក្បាល។

ឧបទ្ទវហេតុដ៏គួរឱ្យរន្ធត់បានកើតឡើងនៅទីក្រុងតូចមួយឈ្មោះ Selydove ភាគខាងកើតអ៊ុយក្រែនកាលពីថ្ងៃសុក្រ ខណៈដែលក្រុមគ្រួសារកំពុងប្រារព្ធពិធីខួបកំណើតគម្រប់ខួបពីរឆ្នាំរបស់ក្មេងតូចរូបនេះ។

យោងតាមវេបសាយ Daily Mail បានឱ្យដឹងថា ក្មេងប្រុសរូបនេះដើរនៅខាងក្រៅដោយមិនមានអ្នកចាប់ភ្លឹកដឹង ខណៈពេលដែលឪពុកម្តាយរបស់គាត់កំពុងអង្គុយនៅតុជាមួយភ្ញៀវរបស់ពួកគេ។

គេយល់ថា Yegor កំពុងវង្វេងនៅជុំវិញទីធ្លានៅពេលដែលសត្វឆ្កែបានដាច់ចេញពីទ្រុងរបស់ពួកវាហើយវាយប្រហារគាត់។

អ្នកស្ម័គ្រចិត្តសប្បុរសធម៌ Aleksandra Timoshchenkova ដែលបានជួយក្រុមគ្រួសាររបស់ក្មេងប្រុសក្នុងការប្រមូលលុយសម្រាប់ការព្យាបាល Yegor បាននិយាយថា "ក្មេងប្រុសនេះត្រូវបានគេប្រទះឃើញដេកសន្លប់នៅក្នុងថ្លុកឈាម។ ឆ្កែគឺនៅតែបន្តខាំគាត់ញក់ញី"។

យោងតាមរបាយការណ៍បានឱ្យដឹងថា សត្វឆ្កែទាំងនោះបានរួចចេញពីទ្រុងរបស់ពួកវាដោយសារតែឪពុករបស់ Yegor បានធ្វេសប្រហែសបិទទ្រុងមិនបានត្រឹមត្រូវ។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ក្នុងអំឡុងពេលនៃការវាយប្រហារ ឆ្កែទាំងពីរខាំដាច់ប្រដាប់ភេទរបស់ក្មេងប្រុស រន្ធគូថ និងរហែកសរសៃឈាមខាងស្តាំនៅលើជើងខាងឆ្វេងរបស់គាត់។

ដោយពិចារណាលើស្ថានភាពដ៏ធ្ងន់ធ្ងរនៃការរងរបួស Yegor ត្រូវបានដឹកតាមឧទ្ធម្ភាគចក្រយោធាទៅកាន់ទីក្រុង Dnipro ដើម្បីទទួលការព្យាបាលដែលគាត់ត្រូវការជាចាំបាច់។

ក្មេងប្រុសនេះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យកុមារ Dnipro Regional Children's Hospital ដែលមានគ្រូពេទ្យវះកាត់ ៤នាក់បានចាប់ផ្តើមធ្វើការងារយ៉ាងសស្រាក់ស្រាំដើម្បីសង្គ្រោះជីវិតរបស់គាត់ក្នុងរយៈពេលជាច្រើនម៉ោង។

ប៉ូលិសបានបើកការកាត់ក្ដីព្រហ្មទណ្ឌចំពោះការមិនបំពេញកាតព្វកិច្ចមាតាឬបិតា ដែលបណ្តាលឱ្យមានផលវិបាកយ៉ាងធ្ងន់ធ្ងរសម្រាប់ម្តាយនិងឪពុករបស់ Yegor។

អ្នកនាំពាក្យប៉ូលិសលោក Aleksandra Gavrilko បានប្រាប់ថា "ឪពុកម្តាយរបស់ក្មេងប្រុសរូបនេះកំពុងត្រូវបានសួរចម្លើយ។ ការធ្វើកោសល្យវិច័យកំពុងដំណើរការ"។

ឪពុកម្តាយរបស់ក្មេងរងគ្រោះត្រូវប្រឈមនឹងការជាប់ពន្ធនាគាររយៈពេល ៣ឆ្នាំប្រសិនបើត្រូវបានរកឃើញថាមានកំហុស។ ការស៊ើបអង្កេតនៅតែបន្ត៕

adverise with khmeread